(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបន្តខិតខំផ្សព្វផ្សាយវិធានការការពារបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសំខាន់ៗមួយចំនួន ក្នុងឱកាសបុណ្យណូអែល ដែលជាបុណ្យរបស់បរទេស។
ទីតាំងដែលអាជ្ញាធរចុះណែនាំ និងផ្សព្វផ្សាយនេះ គឺខាងមុខព្រះបរមរាជវាំង, សួនច្បារតាមបណ្ដោយមាត់ទន្លេ ចាប់ពីខាងមុខផ្សាររាត្រី រហូតដល់សួនច្បារស្ពាននាគ កោះពេជ្រ, សួនច្បារសម្ដេច ហ៊ុន សែន ខាងមុខណាហ្គាវើល, សួនច្បារព្រះបរមរតនកោដ្ឋ, សួនច្បារវិមានឯករាជ្យ, សួនច្បារវត្តបទុមវតី និងទីតាំងសាធារណៈមួយចំនួនទៀតក្នុងមូលដ្ឋាន។
ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងចរាចរណ៍ ឲ្យបានល្អប្រសើរនោះ រដ្ឋបាលខណ្ឌដូនពេញបានប្រើប្រាស់វិធានការ និងមធ្យោបាយសរុបរួមមាន រថយន្តអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន០២គ្រឿង, រថយន្តស្ទូចចំនួន០១គ្រឿង, រថយន្តរបស់រដ្ឋបាលខណ្ឌ ចំនួន ០៤គ្រឿង បំពាក់ឧបករណ៍ផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដាក់ផ្សព្វផ្សាយនៅតាមគោលដៅសំខាន់ៗ។
ក្នុងនោះលោកអភិបាល បានចាត់ឲ្យលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងដោយឡែកមួយក្រុម ដើម្បីចុះពិនិត្យ ណែនាំតាមបណ្ដាមូលដ្ឋាន អាជីវកម្ម សេវាកម្ម ក្នុងវិស័យទេសចរណ៍ ក្លឹបកំសាន្ត បៀរហ្គាឌិន រង្គសាល ភោជនីយដ្ឋាន ឲ្យគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអង្គការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន៕