Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាធម្មនុញ្ញ តម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូល (Video inside)

25-12-2020 20:34

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលលិខិតពីក្រុមប្រឹក្សាធម្មនុញ្ញដោយជូនដំណឹងថា បណ្តឹងចំនួន ៩៥ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់ គ.ជ.ប ដោយសុំលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតដំបូង ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរនៅថ្ងៃដដែលនេះ ដោយតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប តំណាង គ.ជ.ប ១រូប ដែលបានចូលរួមឆ្លើយបំភ្លឺ ក្នុងសវនាការនៃក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងថា ការចេញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូលនេះមានន័យថា រាល់សេចក្តីសម្រេចរបស់ គ.ជ.ប ទាក់ទងនឹងបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង គឺជាសេចក្តីសម្រេចត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។

ទន្ទឹមនឹងនេះ ក្រុមការងារ គ.ជ.ប ដឹកនាំដោយលោក ហ៉ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានចូលរួមបំភ្លឺនៅគ្រប់ដំណាក់កាលនៃការកោះហៅរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។

ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ នាំឱ្យ គ.ជ.ប មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ និងផ្សព្វផ្សាយជាផ្លូវការ។

បញ្ជីបោះឆ្នោតផ្លូវការនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ហើយ គ.ជ.ប នឹងអញ្ជើញភាគីពាក់ព័ន្ធចូលរួមជាសាក្សី នៃការផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖