(កំពត)៖ លោក សោម ចិន អ្នកតំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងកំពត ខេត្តកំពត បានថ្លែងថា សម័យតេជោ ហ៊ុន សែន ការអភិវឌ្ឍប្រទេសជាតិ គឺផ្ដោតការវិនិយោគធនធានមនុស្ស ជាអាទិភាពសំខាន់ ក្នុងចំណោមវិស័យអាទិភាពនានា។
លោកថ្លែងបែបនេះក្នុងឱកាសសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ និងអ្នកតំណាងសិស្សានុសិស្សថ្នាក់ទី១២ ប្រមាណ ៣៤៧នាក់ មកពីសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ក្នុងក្រុងកំពត និងវិទ្យាល័យព្រះរាជសម្ភារខេត្តកំពត។ ពិធីសំណេះសំណាលនោះ បានធ្វើឡើងនៅសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២០ ដោយចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូប។
លោក សោម ចិន ក៏បានបន្តលើកឡើងទៀតថា តាំងពីដើមរៀងមក រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដោយគណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានអនុវត្តនូវគោលនយោបាយសំខាន់ៗ គឺបានចិត្តទុកដាក់វិនិយោគ ទៅលើធនធានមនុស្ស ក្នុងចំណោមវិស័យអាទិភាពនានា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជារហូតមានការរីកចម្រើន និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ប្រកបដោយ សុខដុមរមនា។
ជាក់ស្ដែងសម្ដេចតេជោ ហ៊ុន សែន បានកសាងសាលារៀនរាប់ពាន់ខ្នង ក្នុងទូទាំងប្រទេស។ ដោយឡែកសម្រាប់ក្នុងខេត្តកំពត សម្ដេចតេជោ ក៏បានកសាងសាលារៀន សម្រាប់កូនចៅប្រជាពលរដ្ឋ បានរាប់រយខ្នង តាំងពីបឋម រហូតដល់អនុវិទ្យាល័យគ្រប់ឃុំ និងវិទ្យាល័យរាប់សិបខ្នងគ្រប់ស្រុកក្រុង និងមានសាកលវិទ្យាល័យនៅក្នុងខេត្តទៀតផង។
លោក សោម ចិន បន្តថា បើប្រៀបធៀបនឹងសម័យមុន កូនចៅប្រជាពលរដ្ឋ តែងរត់រកសាលារៀន តែសម័យតេជោ ហ៊ុន សែន បច្ចុប្បន្ន សាលារៀនរត់រកកូនចៅរបស់ប្រជាពលរដ្ឋ ដល់មូលដ្ឋានជនបទ។ ទន្ទឹមនឹងនោះ ដោយផ្ដើមចេញពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នកម្ពុជាសម្បូរដោយបញ្ញវន្ត មានសមត្ថភាព ពិសេសកូនចៅប្រជាពលរដ្ឋប្រកបដោយចំណេះដឹងចំណេះធ្វើ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ បានកាន់តែរីកចម្រើន និងសម្បូររុងរឿង។
ទន្ទឹមគ្នានោះ អ្នកតំណាងរាស្រ្ត សោម ចិន ក៏បានផ្ដាំផ្ញើ ក្មួយៗ ចៅៗ ដែលជាសិស្សានុសិស្ស ក្រោយពីបានជាប់សញ្ញាបាក់ឌុបជាស្វ័យប្រវត្តិ ស្ថិតក្រោមបរិបទប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ជាសកល ក្រោមចំណាត់ការដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺសូមឲ្យក្មួយៗ ចៅៗយកចិត្តទុកដាក់សិក្សារៀនសូត្រនៅថ្នាក់មហាវិទ្យាល័យបន្តទៀត ដើម្បីយកចំណេះជំនាញរួមចំណែកអភិវឌ្ឍសង្គមជាតិ ឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត។
លោក សោម ចិន ក៏បានបន្តលើកឡើង អំពីសភាពការណ៍រួមមួយចំនួននៅកម្ពុជាបច្ចុប្បន្ន ពិសេសប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ១៩ បានយ៉ាងល្អប្រសើររបស់សម្ដេចតេជោ ហ៊ុន សែន រហូតមានការសរសើរពីអន្តរជាតិ និងមានការគាំទ្រចូលរួមសាមគ្គីយ៉ាងពេញទំហឹងដោយស្ម័គ្រចិត្ត ពីមហាជន គ្រប់មជ្ឈដ្ឋានស្រទាប់វណ្ណៈ ក្នុងការបរិច្ចាគថវិកាធនធានគ្រប់បែបយ៉ាងផ្ទាល់ខ្លួន ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល មិនដូចពាក្យបំផុសញុះញង់បំភ្លៃការពិត របស់អតីតមេដឹកនាំគណបក្សប្រឆាំងក្រៅច្បាប់ និងគូកនមួយចំនួនតូច តែងបានផ្សព្វផ្សាយ ធ្វើឱ្យបាក់ទឹកចិត្ត និងមានការភាន់ច្រឡំ ដល់ប្រជាពលរដ្ឋបាត់ជំនឿ លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះដែរ តាមរយៈអំណោយផ្ដល់ដោយសប្បុរសជន សមាគម ពាណិជ្ជកម្មចិន «ឆោសាន» នៅកម្ពុជា, អ្នកតំណាងរាស្ត្រ សោម ចិន ក៏បាន ប្រគល់ជូនថវិកាដល់សាលាទាំងពីរ ដែលមានលោកគ្រូ អ្នកគ្រូ សរុបចំនួន៣៩នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល និងសិស្សានុសិស្ស សរុបចំនួន ៣០៨នាក់ ម្នាក់ៗ ថវិកា ២ម៉ឺនរៀល និងទឹកអាកុលលាងដៃ ១ដបតូចផងដែរ៕