(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រសួងអប់រំ នឹងបញ្ជាក់ជូនអំពីកាលបរិច្ឆេទ បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នាពេលខាងមុខនេះ ខណៈការសិក្សា រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ។
លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបញ្ជាក់ជូនអំពីកាលបរិច្ឆេទ បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ដោយយកចិត្តទុកដាក់លើការ ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២៨ វិច្ឆិកា»។
លោកបន្តថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តអនុវត្តការរៀន និងបង្រៀនតាមវិធីសាស្ត្រចម្រុះ គឺរៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយក្រដាសកិច្ចការជំនួយ និងសៀវភៅសិក្សាគោលតាមតម្រូវការសិក្សាជាក់ស្តែង ។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏សូមគោរពថ្លែងអំណរគុណ និងសូមអំពាវនាវដល់បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដារ របស់ក្រសួងអប់រំ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕