(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងសប្បុរសជនមួយចំនួនទៀត ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា ដើម្បីផ្តល់ជូនកុមារនៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
លោក កែវ រ៉េមី បានលើកឡើងថា ដោយសារតែកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រជាជនកម្ពុជា មានសិទ្ធិគ្រប់ៗគ្នា អ្នកកាន់ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗទៀត នៅតែបន្តរួមរស់នៅជាមួយគ្នាដោយសុខសាន្ត រហូតមកទល់ដល់បច្ចុប្បន្ននេះ។ មូលហេតុ គឺមកពីប្រជាពលរដ្ឋកម្ពុជា ចេះប្រកាន់សីលធម៌ ដ៏ល្អក្នុងការគោរពគ្នាទៅវិញទៅមកខាងជំនឿសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ជាក់ស្តែងនៅថ្ងៃទី២៥ ខែធ្នូនេះ គឺជាថ្ងៃបុណ្យគ្រីស្តម៉ាស ដែលប្រជាជនអ្នកកាន់សាសនាគ្រឹស្ត នាំគ្នារៀបចំពិធីជួបជុំពិសារអាហារ ជាលក្ខណៈក្រុមគ្រួសារ ឃើញដូច្នេះហើយទើបថ្នាក់ដឹកនាំគណៈកម្មាសិទ្ធិមនុស្សកម្ពុជាទាំងអស់ នឹកឃើញដល់កូនៗ ដែលរស់នៅក្នុងអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដែលកំព្រាឪពុក ម្តាយ ក៏បានរៀបចំនំភីហ្សា យកមកចែកជូនដល់កូនៗញាំ រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានឱ្យដឹងថា នេះជាលើកទី០៧ហើយ ដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសប្បុរសជន និងមិត្តភក្តិបាននាំនូវអំណោយមកប្រគល់ជូនដល់កុមារកំព្រា ដែលរស់នៅក្នុងអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា»។ បន្ថែមពីនេះ គឺថ្នាក់ដឹកនាំក៏ដូចជាសប្បុរជននានានឹងបន្តជួយដល់អង្គការនេះតទៅទៀត ដើម្បីជាការរួមចំណែកក្នុងការកាត់បន្ថយការលំបាករបស់កុមារតូចៗដែលរស់នៅក្នុងអង្គការ។
មេសិទ្ធិមនុស្សកម្ពុជា បានបង្ហាញនូវក្ដីស្រឡាញ់ និងទឹកចិត្តអាណិតអាសូរ ដែលនៅពេលមានពិធីបុណ្យទានម្តងៗ កុមារផ្សេងៗទៀតពួកគេបានជួបជុំជាមួយក្រុមគ្រួសារ សាច់ញាតិ ប៉ុន្តែសម្រាប់កុមារតូចៗ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា រស់នៅខ្វះភាពកក់ក្តៅ។ ចំណុចនេះ ទើបធ្វើឱ្យលោកតែងតែនឹកឃើញដល់កុមារកំព្រា និងមកលើកទឹកចិត្ត ព្រមទាំងផ្តល់អំណោយជាសម្ភារផ្សេងៗ ដើម្បីជាចំណែកចូលរួមកាត់បន្ថយការលំបាករបស់ពួកគេ ដូច្នេះ សូមអំពាវនាវដល់អ្នកដែលមានធនធាន សូមចូលរួមចំណែកជួយឧបត្ថម្ភ ដល់កុមារកំព្រា និងអ្នកក្រខ្សត់នេះផងដែរ។
លោក កែវ រ៉េមី ក៏បានក្រើនរំឮកដល់ក្មួយៗដែលរស់នៅក្នុងអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ទាំងសូមខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ ចេះគោរពស្រឡាញ់គ្នាដូចបងប្អូនបង្កើត ជាពិសេសសូមកុំប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ហើយត្រូវធ្វើយ៉ាងគិតគូរដល់អនាគតរបស់ខ្លួន ជាចម្បង។
លោក កែវ រ៉េមី ក៏បានកោតសរសើរចំពោះ ដល់លោកស្រី ឈូក សីហា នាយិការប្រតិបត្តិអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដែលបានបង្កើតជាកន្លែងដ៏កក់ក្តៅនេះ ដើម្បីជួយដល់កុមារ ដែលជួបការនូវលំបាកគ្រប់រូបភាព តាមរយៈការផ្តល់ជាកន្លែងស្នាក់នៅ ការផ្តល់អាហារ និងការសិក្សាអប់រំ។ ទាំងនេះជាគំរូដ៏វិសេសវិសាល ក្នុងការចូលរួមជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សជាពិសេសសិទ្ធិកុមារ។
គួរជម្រាបដែលថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំរបស់លោក កែវ រ៉េមី ជានិច្ចកាលតែងតែកៀរគររៃអង្គាសថវិកា ឬសម្ភារសិក្សាផ្សេងៗពីសប្បុរសជនជាតិ និងអន្តរជាតិ ដើម្បីយកទៅចែកជូនដល់កុមារកំព្រា និងកុមារក្រីក្រ នៅតាមមណ្ឌល ឬអង្គការគាំពារកុមារកំព្រានានា ក្នុងការជួយឧបត្ថម្ភដល់ពួកគេជាដើម៕