(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកមរណទុក្ខ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ចំពោះមរណភាពមហាឧបាសិកា សើយ ផ្លាមកេសន ដែលត្រូវជាម្តាយមីង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ខ្ញុំ និងភរិយា ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកា សើយ ផ្លាមកេសន ដែលត្រូវជាម្តាយមីងលោកជំទាវ តៅ តឿន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចពិជ័យទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧៖៤៥នាទី ក្នុងជន្មាយុ ៩០ឆ្នាំដោយជរាពាធ។

ក្នុងឱកាសប្រកបដោយទុក្ខក្រៀមក្រំនេះផងដែរ យើងខ្ញុំទាំងអស់សូមចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ មហាឧបាសិកា សើយ ផ្លាមកេសន គឺជាការបាត់បង់នូវម្ដាយ ម្តាយមីង ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ សប្បុរសធម៌ចំពោះបងប្អូនកូនក្មួយព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកា សើយ ផ្លាមកេសន សូមឆាប់បានយោនយកកំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាត ក្លាយជាបការៈដទៃឡើយ»៕