(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើកូរ៉េខាងត្បូងជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរខ្លួន មកបណ្តាក់ទុនវិនិយោគ និងកម្សាន្តឱ្យកាន់តែច្រើនបន្ថែមទៀត នៅព្រះរាជាណាចក្រកម្ពុជា។
សំណើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក ប៉ាក ហឺងឃ្យង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរដ៏កក់ក្តៅជូនលោក ប៉ាក ហឺងឃ្យង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនកូរ៉េទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃប្រទេសយើងទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ។
ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់និងដ៏ថ្លៃថ្លាជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយផ្លូវការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានទឹក និងសុខុមាលភាពសាធារណៈ អប់រំ អភិវឌ្ឍន៍ជនបទ កសិកម្ម ការបោសម្អាតមីន ព្រមទាំងបានបន្តផ្តល់អាហារូបករណ៍សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជាទៅសិក្សានៅសាធារណរដ្ឋកូរ៉េ។
នៅក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេរភាគី និងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងតំបន់មេគង្គ។ សម្តេចបានឯកភាពចំពោះប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូត ពាក់ព័ន្ធនឹងទំនាក់ទំនង និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានកើនឡើងជាបន្តបន្ទាប់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា ដែលបច្ចុប្បន្នកំពុងបំពេញការងារនៅកូរ៉េ។ ពលករនៅកូរ៉េ បានរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសាររបស់ពួកគេ និងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាផងដែរ។ តាមរយៈបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធសភា បានស្នើសុំឱ្យសាធារណរដ្ឋកូរ៉េ បង្កើនចំនួនកូតាសម្រាប់ពលករកម្ពុជាបន្ថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតជ្រាបថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបតិ្តការរវាងស្ថាប័ននីតិប្បញ្ញតិ្តនៃប្រទេសទាំងពីរ ព្រឹទ្ធសភាកម្ពុជាមានក្រុមមិត្តភាពជាមួយនឹងរដ្ឋសភាសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃសភាទាំងពីរ បានចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយរដ្ឋសភានៃសាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយកុំព្យូទ័រ ចំនួន ១២០គ្រឿង ដល់ព្រឹទ្ធសភាកម្ពុជា ផងដែរ។
សម្តេចប្រធានព្រឹទ្ធសភា បានសជំរុញឱ្យសភាប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ក្រោយវិបត្តិកូវីដ-១៩ និងស្នើសុំឱ្យរដ្ឋសភាសាធារណរដ្ឋកូរ៉េ ជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផ្នែកបច្ចេកវិទ្យាព័ត៌មាន (ICT) នៅសាធារណរដ្ឋកូរ៉េ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈលោកឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើការសួរសុខទុក្ខជូន លោកប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ប្រកបដោយការគោរពរាប់អាន និងមិត្តភាពដ៏ជ្រាលជ្រៅបំផុត។
ក្នុងឱកាសនោះ លោក ប៉ាក ហឺងឃ្យង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកបានសម្តែងនូវសេចក្តីរីករាយដោយឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
លោកសង្ឃឹមថា ក្នុងឱកាសដែលសាធារណរដ្ឋកូរ៉េនឹងរៀបចំខួបលើកទី៤០ នៃកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងព្រះរាជាណាចក្រកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ នៅដើមខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក៏នឹងមានឱកាសបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកថែមទៀត។
លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទំនាក់ទំនង និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឡើងដល់ចំនួន ១កោដិដុល្លារ នៅឆ្នាំ២០១៩ ហើយក្នុងនោះ ទំហំនៃការវិនិយោគរបស់សាធារណៈកូរ៉េនៅកម្ពុជា ស្ថិតក្នុងលំដាប់ទីពីរ ដែលមានទឹកប្រាក់ចំនួន ៥,៧ ប៊ីលានដុល្លារ។ ក្នុងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ អ្នកទេសចរកូរ៉េបានមកទស្សនាកម្ពុជាមានជាង ៤សែននាក់ជារៀងរាល់ឆ្នាំ។
ចំណែកឯពលករកម្ពុជាទៅធ្វើការនៅសាធារណៈរដ្ឋកូរ៉េមានចំនួន ៤ម៉ឺននាក់ ហើយបើទោះបីជាឆ្នាំនេះ មានការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏សាធារណៈរដ្ឋកូរ៉េនៅតែបន្តទទួលយកពលករកម្ពុជាមកធ្វើការនៅសាធា រណៈកូរ៉េដដែល។ ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកក្នុងឆ្នាំ២០២០នេះ ហើយសាធារណៈកូរ៉េបានផ្តល់សច្ចាប័នទៅលើច្បាប់ស្តីពីការមិនយកពន្ធត្រួតគ្នា លើការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីររួចហើយ។
លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា លោកផ្ទាល់នឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីពង្រីកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត៕