(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់សមាគមតន្ត្រីជនពិការ លោក ជា ហន និងបងប្អូនដែលមានពិការភាពរស់នៅក្នុងអង្គការ PPCIL ដឹកនាំដោយលោក ម៉ី សាម៉ិត។

អំណោយដែលចែកជូនជនមានពិការភាពនាថ្ងៃនេះ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល អាវយឺត១ ឃីត១កញ្ចប់ (ក្រមា ម៉ាស ជែលលាងដៃ១ឈុត ច្រាស និងថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ថ្នាំការពារជំងឺផ្តាសសាយ១បន្ទះ ថ្នាំបន្ថយកំដៅ១បន្ទះ) និងអាហារ១កញ្ចប់ (បាយ ទឹកសុទ្ធ ទឹកក្រូច នំ និងផ្លែឈើ) និងអ្នកមើលថែជនមានពិការភាពសរុបចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល។

ក្នុងឱកាសនោះ ជនមានពិការភាពដែលទទួលបានអំណោយបានថ្លែងនូវការគោរពដឹងគុណនិងបានថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លា និងតែងបានផ្តល់ការយកចិត្តទុកដាក់ដល់ជនមានពិការភាពកន្លងមក។

រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា បានលើកឡើងថា «បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានរៀបចំកម្មវិធីទិវាជនមានពិការភាព ក៏ពិតមែន ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានបំភ្លេចចោលជនមានពិការភាពឡើយ ដោយបានបន្តផ្តល់ជូនអំណោយ និងចាត់ឲ្យមន្រ្តីចុះសួរសុខទុក្ខជនមានពិភាពដោយផ្ទាល់ផងដែរ»

លោកបានបន្ថែមថា ជំនួសឲ្យការដែលរាជរដ្ឋាភិបាលកម្ពុជាមិនបានរៀបចំទិវាជនមានពិការភាព ប៉ុន្តែតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តការយកចិត្តទុកដាក់និងគិតគូរដល់ជនមានពិការនៅកម្ពុជាជានិច្ច ជាក់ស្តែងបានផ្តល់នូវអំណោយនៅពេលនេះដើម្បីជាការលើកទឹកចិត្ដដល់ប្អូនដែលមានពិការភាព។

រំលេចនៅក្នុងពិធីចែកអំណោយនោះ លោក ឯម ច័ន្ទមករា បានបញ្ជាក់ឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យបន្តការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១ នៅក្នុងគម្រោងទទួលបានសាច់ប្រាក់នេះ ក៏មានជនមានពិការភាពផងដែរ។

គួរបញ្ជាក់ថា ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ អបអរសាទរដល់ ទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងបានរៀបចំប្រារព្ធមីទ្ទិញ ដើម្បីអបអរសារទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិ ៣ធ្នូ។ ឆ្នាំ២០២០នេះ សកលលោកបានជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពល មកដល់ព្រះរាជាណាចក្រកម្ពុជា ជាហេតុមិនអាចធ្វើឱ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធពិធីមីទ្ទិងដូចសព្វមួយដងបាន៕