(ព្រះសីហនុ)៖ នៅព្រឹកព្រលឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាវាកងទ័ពស្វ័យការពារជប៉ុនចំនួន ៣គ្រឿង ផ្ទុកកងម៉ារីនជាង ៦០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។
នាវាទាំង៣នេះ រួមមាន៖ ទី១. ឈ្មោះ AKEBONO (4,550t) ផ្ទុកកងម៉ារីនចំនួន ២០៤នាក់, ទី២. ឈ្មោះYAMAYUKI (3,050t) លេខ១២៩ ផ្ទុកកងម៉ារីនចំនួន ២០២នាក់ និងទី៣. ឈ្មោះHATAKAZE (4,600t) ផ្ទុកកងម៉ារីនចំនួន ២៣១នាក់។
លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានដឹកនាំប្រតិភូធ្វើពិធី បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរមកដល់របស់នាវាកងទ័ពជើងទឹកជប៉ុនទាំង ៣គ្រឿងនេះ។
ស្ថានទូតជប៉ុន បានឲ្យដឹងថា ដំណើរមកកាន់ដែនសមុទ្រកម្ពុជា របស់នាវាជប៉ុនទាំង៣គ្រឿងនេះ ធ្វើឡើងដើម្បីជាការហ្វិកហ្វឺន និង កម្សាន្ត ហើយក៏ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរនានា ក៏ដូចជាផ្តល់ឱកាសឲ្យ ទាហាន ទើបបញ្ចប់ការសិក្សានៅសាលា បានទទួលការសិក្សាអំពីយោធា និងវប្បធម៌របស់កម្ពុជាផងដែរ។
ព័ត៌មានពីស្ថានទូតបានបន្តថា អំឡុងពេលស្នាក់នៅកម្ពុជានេះ លោកកាពីទែន កាហ្ស៊ូហ៊ីកុ មីហ្សេ មានគម្រោងបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ ដើម្បីជួបសម្តែងការគួរសមជាមួយមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ហើយលោក ក៏នឹងផ្ត ល់កិត្តិយសក្នុងការបំពេញទស្សនកិច្ច នៅមូលដ្ឋានទ័ពជើងទឹករាម, សាលាខេត្តព្រះសីហនុ និងកំពុងផែក្រុងព្រះសីហនុ នៅថ្ងៃទី១៧ ខែកុម្ភៈ៕