(ភ្នំពេញ)៖ កូនដើមឈើប្រមាណ២០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើភ្នំពេញ ធ្វើការដាំនៅទីតាំងក្នុងសហគមន៍ដីឡូត៍ថ្មី ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ប្រយោជន៍ដើម្បីជារបាំងខ្យល់ និងជាគំរបបៃតង ទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅក្នុងភពផែនដី។
ជាមួយគ្នានេះ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋសហគមន៍ចូលរួមដាំដើមឈើទាំងអស់គ្នា ហើយប្រសិនបើខ្វះខាតកូនឈើ សូមធ្វើការស្នើសុំមកខាងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ។
នេះតាមការលើកឡើងរបស់ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងក្នុងពិធីចុះដាំដើមឈើនៅសហគមន៍ដីថ្មី ភូមិសំរោងត្បូង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងទៀតថា ដើមឈើមានសារៈសំខាន់ក្នុងការជួយថែរក្សាបរិស្ថាននៅតំបន់សហគមន៍នេះ ជារបាំងខ្យល់ផង ពិសេសឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ជួយកម្ចាត់ជាតិពុលក្នុងខ្យល់។
លោកបន្ថែមថា ដើមឈើក៏បានផ្តល់ជាម្លប់ និងជួយកម្ចាត់ឧស្ម័នកាបូនិចដែលបំពុលក្នុងខ្យល់ និងបង្កើនឧស្ម័នអុកស៊ីសែនផងដែរ។ ជាមួយគ្នានោះ លោកក៏បាន សំណូមពរឲ្យប្រជាណលរដ្ឋចូលរួមដាំដើមឈើ ប្រសិនបើមានការខ្វះខាតកូនឈើ អាចស្នើសុំមកខាងរដ្ឋបាលព្រៃឈើ ដើម្បីចែកជូនបាន។
បើតាមការបញ្ជាក់របស់នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងថា តាមការណែនាំរបស់អភិបាលរាជធានី លោក ឃួង ស្រេង កូនឈើប្រមាណ២០០ដើម ដែលត្រូវបានធ្វើការដាក់ដាំនៅក្នុងសហគមន៍ដីឡូត៍ថ្មី ភូមិសំរោងត្បូងនេះ ជាប្រយោជន៍សំរាប់មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅរបស់ភពផែនដីផងដែរ៕