Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពត ជំរុញឱ្យមន្ត្រីជំនាញកែលម្អសួនច្បារ តាមដងព្រែកកំពង់បាយឱ្យបានរួចរាល់ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

25-12-2020 13:08

(កំពត)៖ លោក ជាវ តាយអភិបាលខេត្តកំពត បានណែនាំជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវតែរួមសហការគ្នាសិក្សាលើគម្រោងកែលម្អសួនច្បារតាមដងព្រែក កំពង់បាយ ក្រុងកំពតឱ្យបានលឿន និងឆាប់រហ័ស ដើម្បីចាប់អនុវត្តនៅដើមឆ្នាំ២០២១ ហើយត្រូវបញ្ចប់នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មកដល់ខាងមុខនេះ។

លោក ជាវ តាយ បានជំរុញដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពតចុះពិនិត្យដល់ទីតាំងដើម្បីសិក្សា គម្រោងកែលម្អសួនច្បារមួយកន្លែងបន្ថែមទៀត តាមដងព្រែកកំពង់បាយ ស្ថិតនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។

បើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍកែលម្អសួនច្បារតាមដងព្រែកកំពតនេះ គឺមានប្រវែងប្រមាណ ៦០០ម៉ែត្រ គិតចាប់ពីខាងត្បូងក្បាលស្ពានថ្មី ដល់ខាង ជើងក្បាលស្ពានឥន្ទធនូ (ស្ពានចាស់) ក្នុងនោះ គឺកែលម្អពង្រីកសួនច្បារឱ្យបានទំហំ ១២ម៉ែត្របន្ថែមលើទទឹងសួនចាស់ ដែលកន្លែងខ្លះ ២០ម៉ែត្រ និងកន្លែងខ្លះទៀត មានទទឹង១២ម៉ែត្រ។

ក្នុងគម្រោងនោះដែរក៏មានការរៀបចំទីកន្លែងកម្សាន្ត សម្រាប់កុមារ យុវវ័យ មនុស្សចាស់ និងបំពាក់បង្គោលភ្លើង ដាំផ្កា រួមនឹងសម្ភារៈផ្សេងទៀត បម្រើឱ្យការកម្សាន្ត សប្បាយរបស់ទេសចរ និងប្រជាពលរដ្ឋទូទៅផងដែរ៕