(ភ្នំពេញ)៖ ក្រុមហ៊ុនព្រូដិនសល (Prudential) ជាក្រុមហ៊ុនសេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា បានស្វែងរកឃើញអ្នកឈ្នះរង្វាន់ចំនួន៣០រូប ដែលបានចូលរួមឆ្លើយសំណួរក្នុងកម្មវិធី «សេវាធានារ៉ាប់រងអាយុជីវិត និងអ្នក» ដែលជាកម្រងអត្ថបទយល់ដឹង ស្តីអំពីសេវាធានារ៉ាប់រងអាយុជីវិត។
កម្មវិធីប្រគល់រង្វាន់ និងអបអរសាទរដល់អ្នកឈ្នះទាំង៣០រូបនេះ ដែលបានប្រព្រឹត្តទៅនៅពេលថ្មីៗនេះ នាសណ្ឋាគារ Raffles Hotel Le Royal ដែលរង្វាន់ អ្នកឈ្នះទទួលបាន គឺមានជាប័ណ្ណសម្រាប់ជាវសៀវភៅចំនួន ៣០រង្វាន់សរុបជាទឹកប្រាក់ចំនួន៧២៥០ដុល្លារអាមេរិក ពីបណ្ណាគារ Monument Books ។
កញ្ញា ទេស គឹមឡាយ ដែលជាអ្នកឈ្នះរង្វាន់ម្នាក់បានឲ្យដឹងថា «តាមការអានអត្ថបទហ្នឹង ខ្ញុំបានយល់ដឹងពីសេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់ ព្រូដិនសលហ្នឹង ហើយខ្ញុំអាចដឹងអំពីសារៈសំខាន់មួយផ្សេងទៀត អំពីគម្រោងការនេះ ក្នុងការកសាងផែនការនាពេលអនាគតសម្រាប់គ្រួសារខ្ញុំផ្ទាល់ ទៅថ្ងៃមុខទៀត នៅពេលដែលខ្ញុំមានគ្រួសារ»។
កម្រងអត្ថបទយល់ដឹងស្តីអំពី សេវាធានារ៉ាប់រងអាយុជីវិតចំនួន ១០ភាគ ដោយផ្ដោតលើអត្ថន័យសំខាន់ៗជាច្រើន ធ្វើឲ្យអ្នកអានមានការយល់ដឹងកាន់តែច្បាស់អំពីសេវាធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារ ឲ្យបានកាន់តែល្អប្រសើរសម្រាប់ថ្ងៃអនាគត ហើយក្នុងអត្ថបទនីមួយៗ មានការរៀបចំជាសំណួរសម្រាប់ អ្នកអានអាចចូលរួមផ្តល់ជាចម្លើយ ហើយផ្ញើនូវចម្លើយរបស់ខ្លួន ដែលត្រឹមត្រូវផ្ញើមកកាន់អ៊ីម៉ែល របស់ក្រុមហ៊ុនដោយផ្ទាល់។ អ្នកចូលរួមឆ្លើយត្រឹមត្រូវចំនួន ៣នាក់ដំបូងនៃអត្ថបទចុះផ្សាយ ក្នុងភាគនីមួយៗនិងត្រូវបានជ្រើសរើស សម្រាប់ទទួលបានរង្វាន់ ពីក្រុមហ៊ុនព្រូដិនសលកម្ពុជា។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឲ្យដឹងថា ក្នុងការចុះផ្សាយអត្ថបទយល់ដឹងនោះ មានមនុស្សជាច្រើននាក់បានចូលរួមឆ្លើយសំណួរ ហើយតាមរយៈចម្លើយដែលទទួលបាន បានបង្ហាញថា ពួកគាត់ហាក់មានការស្វែងយល់ច្រើន អំពីសេវាធានារ៉ាប់រងអាយុជីវិត។
លោក ណារ៉ាត់ វាសនា នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានឲ្យដឹងថា «វិស័យធានារ៉ាប់រងអាយុជីវិតនេះ ជាវិស័យមួយថ្មីនៅឡើយនៅកម្ពុជាយើង ដូច្នេះហើយបានជាក្រុមហ៊ុនព្រូដិនសលកម្ពុជា បានរៀបចំជាអត្ថបទអប់រំ ទាំងនេះឡើងដើម្បីជាជំនួយស្មារតី ក៏ដូចជាលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ធ្វើយ៉ាងណាឲ្យគាត់មានការយល់ដឹងកាន់តែច្បាស់ទៀត ពីវិស័យធានារ៉ាប់រងអាយុជីវិតនេះ ក៏ដូចជាបកស្រាយនូវចម្ងល់នានាបន្ថែមទៀត»។
លោកបន្ដថា កន្លងមកយើងបានរៀបចំសិក្ខាសាលាអប់រំជាច្រើន ទាំងនៅភ្នំពេញក្តី ទាំងនៅ តាមបណ្តាខេត្តក្តី ដែលសិក្ខាសាលាអប់រំទាំងនោះគឺក្នុងទិសទៅដូចគ្នាទេ គឺធ្វើយ៉ាងណាជួយលើកកម្ពស់ឲ្យប្រជាជនរបស់យើងមានការយល់ដឹងកាន់តែច្បាស់អំពីវិស័យនេះបន្ថែមទៀត៕