(ព្រៃវែង)៖ អំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ត្រូវបានលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នាំទៅចែកជូនដល់ជនក្រីក្រលំបាក ខ្វះខាតនៅស្រុកព្រះស្ដេចចំនួន ១៦៥គ្រួសារ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកព្រះស្ដេចផងដែរ។
លោក ជា សុមេធី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកព្រះស្ដេច ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង គឺមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺកូវីដ-១៩ បានឆ្លងរីករាលដាលនៅកម្ពុជា ទើបសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្ត ទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុត សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅមូលដ្ឋាន ទោះជាមានបន្តិចបន្តួចពិតមែន តែវាចាំបាច់ខ្លាំងសម្រាប់ជួយអ្នកក្រីក្រនាពេលនេះ។
លោក ជា សុមេធី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀតដែលផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូអាកុល ជែល ពាក់ម៉ាស និងគម្លាតគ្នាជាដើម ជាពិសេសត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាអាជ្ញាធរដែនដីផងដែរ។
អំណោយដែលបានចែកជូននាពេលនេះមានចំនួន ១៦៥គ្រួសារមកពី ៣ឃុំគឺ ឃុំបឹងដោល ឃុំអង្គររាជ្យ និងសេនារាជឧត្តម ស្រុកព្រះស្ដេចហើយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកាមួយចំនួន៕