(ភ្នំពេញ)៖ ក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយជាឧបករណ៍សម្ភារការិយាល័យ ដែលគិតជាទឹកប្រាក់មានចំនួន ២លានយ័ន ស្មើនឹង៣០,៦៣៥៩ដុល្លារអាមេរិក ប្រគល់ជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការងារ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល និងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែជិតស្និតឡើង។
ពិធីប្រគល់ និងទទួលឧបករណ៍ សម្ភារការិយាល័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ភាគីចិនតំណាងដោយលោក វ៉ាង យី អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពី សំណាក់មន្ត្រីភាគីទាំងពីរមួយចំនួនផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន មានក្តីសប្បាយរីករាយណាស់ ដែលទទួលបានអំណោយសម្ភារការិយាល័យយ៉ាងច្រើន ដែលជាអំណោយរបស់ក្រសួងការបរទេសចិន ដែលមានតម្លៃ ២លានយ័ន ផ្ដល់ជូនគណៈកម្មាធិការកម្ពុជា ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង «ផែនការសកម្មភាព៥ឆ្នាំ ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣)» ឱ្យមានប្រសិទ្ធភាពខ្ពស់»។
ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកជំនួយឧបត្ថម្ភដ៏សំខាន់នេះ ដែលមានសម្ភារការិយាល័យសម្បូរបែបយ៉ាងច្រើន នឹងជួយសម្រួលដល់ការងាររបស់គណៈកម្មាធិការកម្ពុជា ដែលមានស្ថាប័នក្រសួងចំនួន ១៧ជាសមាជិក ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទំាងពីរ លើគ្រប់វិស័យ ដើម្បីអនុវត្តឱ្យបានលទ្ធផលល្អ នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា កន្លងមកជាពិសេសបញ្ជីការងារបន្ទាន់ ដែលយើងត្រូវធ្វើឱ្យសម្រេច។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានរំលឹកឡើងថា ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមជាអធិបតីភាពជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) ដែលបាននំាឱ្យពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាន់តែមានទំហំធំធេងថែមទៀត លើសពី ១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដែលបានគ្រោងទុក ជាពិសេសការនំាចេញកសិផលកម្ពុជាឱ្យបានច្រើនថែមទៀត ទៅកាន់ប្រទេសចិន។
ជាថ្មីម្តងទៀត ក្នុងនាមគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់នូវសម្ភារការិយាល័យអេឡិចត្រូនិកជាច្រើនទំាងនេះ ដើម្បីនឹងសម្រួលការងារគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភហិរញ្ញប្បទានយ៉ាងច្រើនជាបន្តបន្ទាប់ដល់កម្ពុជា ជាជំនួយឥតសំណង កម្ចីអត់ការប្រាក់ ឬការប្រាក់ទាប ព្រមទំាងការវិនិយោគដែលមានទំហំធំធេងជារៀងរាល់ឆ្នាំនៅកម្ពុជា។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា-ចិន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដូច្នេះ ហើយទំនាក់ទំនង រវាងកម្ពុជាជាមួយចិន ជាទំនាក់ទំនងពិសេស លើគ្រប់ជ្រុងជ្រោយទាំងអស់៕