(ភ្នំពេញ)៖ បញ្ជាការដ្ឋានការពារកាស កងទ័ពជើងគោក វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស កងទ័ពជើងគោក ឆ្នាំ២០២០ ដែលបានដំណើរការ បើកវគ្គអស់រយៈពេល៩០ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបានប្រារព្ធពិធីបិទ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅមូលដ្ឋានការពារអាកាស (ទួលត្រាច) ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរងកងទ័ពជើងគោក។
ជំនួសមុខឲ្យមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហេង ហុង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក និងមកពីគ្រប់បណ្ដាកងឯកភាពចំណុះ កងទ័ពជើងគោក គ្រប់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតធ្វើឲ្យវគ្គជំនាញនេះ បានបញ្ចប់ដោយទទួលបាន លទ្ធផលល្អប្រសើរតាមការគ្រោងទុក។
ឧត្តមសេនីយ៍ឯក ហេង ហុង បានគូសបញ្ជាក់ពីជំនាញការពារកាស ដែលបានដំណើរការបិទនាពេលនេះថា ពិតជាជំនាញមួយដ៏សំខាន់ ហើយមិនអាចខ្វះ បានក្នុងយោគសម័យសង្រ្គាមទំនើប សម្រាប់ការពារទប់ទល់នឹងសត្រូវឈ្លានពាន មានសារៈសំខាន់ សំដៅធានាឲ្យការងារប្រយុទ្ធ និងបម្រើប្រយុទ្ធបានល្អ ក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់កងទ័ព ក្នុងការបំពេញភារកិច្ច ការដឹកនាំបញ្ជា និងបង្កើនសមត្ថភាពប្រសិទ្ធភាពការងារ ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ពោលឲ្យនាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់ មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់គ្រប់គ្រងគ្រឿងបំពាក់បច្ចេកទេស បានស្ទាត់ជំនាញ។
តាមរបាយការណ៍បិទវគ្គដែលផ្តល់ដោយ ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស កងទ័ពជើងគោក ឆ្នាំ២០២០ សិក្សាមានរយៈពេល៩០ថ្ងៃ ចាប់បើកពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលមានសិក្ខាកាមសរុបចំនួន១០០នាក់ មកពីគ្រប់បណ្ដាកងឯកភាពចំណុះកងទ័ពជើងគោក និងសម៉ីអង្គភាពបញ្ជាការដ្ឋានការពារអាកាស។
ក្រោយបញ្ចប់វគ្គ ក្រោមការត្រួតពិនិត្យ វាយតម្លៃរបស់គណៈកម្មការគ្រប់គ្រង គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមវគ្គ រួមមាន៖ និទ្ទេសល្អប្រសើរ ១៨% និទ្ទេសល្អ ៤៧% និទ្ទេសបង្គួរ ៣១% និងនិទ្ទេសមធ្យម ៤%។
ក្នុងពិធីនេះផងដែរ ឧត្ដមសេនីយ៍ឯក ហេង ហុង បានប្រគល់ថវិកាមេបញ្ជាការកងទ័ពជើងគោក ចំនួន៥,០០០០,០០០រៀល ជូនកម្មវិធី និងជូនលិខិតបញ្ជាក់ការសិក្សា
ដល់សិក្ខាកាមចំនួន១០០នាក់ និងប្រគល់ជូនលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនចំនួន៥រូប ដែលបានជួយកសាងអង្គភាព និងបំពាក់គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ជូនលោក LI ZHONG HUA នាយកក្រុមហ៊ុន ឆាយណារ៉េលវ៉េ 18TH ប្យូរ៉ូ គ្រុប (ខេមបូឌា) ឯ.ក (China railway 18th bureau group (Cambodia) co.,Ltd)។
ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណ និងកោតសរសើរ ក្រុមហ៊ុន ឆាយណារ៉េលវ៉េ 18TH ប្យូរ៉ូ គ្រុប (ខេមបូឌា) ឯ.ក (China railway 18th bureau group(Cambodia) co.,Ltd) ដែលជាក្រុមហ៊ុនចងសម្ព័ន្ធមេត្រីភាពជាមួយ បញ្ជាការដ្ឋានការពារអាកាស បានសហការគ្នាល្អ ក្នុងការកសាងអង្គភាព រួមចំណែកអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាល។
លោកក៏បានកាត់ខ្សែបូរសម្ពោធឲ្យប្រើប្រាស់ អគារទីបញ្ជាការវរសេនាតូចលេខ៩១ អគារស្នាក់នៅកងអនុសេនាធំ ដែលជាអំណោយរបស់ក្រុមហ៊ុនខាងលើ ជូនបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកផងដែរ។
សូមបញ្ជាក់ថា អំណោយថវិកាក្រុមហ៊ុនខាងលើជួយ រួមមានទឹកប្រាក់សរុបចំនួន១០០,០០០ដុល្លារ ក្នុងនោះសាងសង់ អគារទីបញ្ជាការវរសេនាតូចលេខ៩១ មានទំហំ១៤,៥ម៉ែត្រ គុណ១២ម៉ែត្រ មានកម្ពស់២ជាន់ ចំណាយថវិកាអស់ចំនួន៥៩,១៦០ដុល្លារ សាងសង់អគារកងអនុសេនាធំទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ ចំណាយថវិកាអស់ចំនួន២៣,៨០០ដុល្លារ និងថវិកាចំណាយទិញសម្ភារ គ្រឿងសង្ហារឹមបំពាក់ក្នុងអគារចំនួន១៧,០៤០ដុល្លារ។
អគារទាំងពីរខាងលើនេះ បានដំណើរការសាងសង់ចាប់តាំងពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានបញ្ចប់គម្រោងសាងសង់រួចរាល់ជាស្ថាពរ។
ក្រោយពីប្រកាសបិទបញ្ចប់ ឧត្ដមសេនីយ៍ឯក ហេង ហុង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ពេលត្រឡប់ទៅអង្គភាពដើមវិញ ឲ្យយកចំណេះដឹង ដែលបានមកពីការ សិក្សា ទៅបម្រើជាតិមាតុភូមិ ដោយភាពស្មោះត្រង់បំផុត និងចេះថែរក្សាសុខភាព ចូលរួមទប់ស្កាត់ជំងឺ Covid-១៩ ទាំងអស់គ្នាដោយគោរព តាមសេចក្ដីណែនាំ របស់អគ្គបញ្ជាការកងទ័ពជើងគោក វិធានការនានារបស់ក្រសួងសុខាភិបាល និងការផ្សព្វផ្សាយអប់រំទប់ស្កាត់របស់រាជរដ្ឋាភិបាល៕