(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ កំពុងរស់នៅតាមអមប្រឡាយមេរលាំងជ្រៃ ដែលគេដឹងថាឆ្លងកាត់រហូត៣ស្រុកក្រុង គឺក្រុងច្បារមន ស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល បានបញ្ចេញប្រតិកម្ម និងសូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនានា ជួយអន្តរាគមន៍ក្រោយពេលដែល ខាងរោងចក្រមួយកន្លែងដែលមានយីហោឈ្មោះ AGILE SWEATER CAMBODIA មានទីតាំងស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលួចកាយ និងដាក់លូ ដើម្បីបង្ហូរទឹកស្អុយ និងកាកសំណល់ចូលក្នុងប្រឡាយដ៏ធំមួយនេះ ដែលប្រជាពលរដ្ឋអះអាងថា នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងខ្លាំង ពីព្រោះពួកគាត់បានប្រើប្រាស់ទឹកប្រឡាយនេះជាប្រចាំ ។
ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិថ្មី ភូមិទួលធ្នង់ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន បានប្រាប់ភ្នាក់ងារ Fresh News ថា «ទឹកប្រឡាយមេពីលាំងជ្រៃនេះ ពួកខ្ញុំប្រើខួបប្រាំងខួបវស្សា មិនគួរណារោងចក្រមួយនេះ ដែលមានច្បាប់ត្រឹមត្រូវមកអនុវត្តផ្ទុយទៅវិញ ហើយការបង្ហូរទឹកចូលប្រឡាយមេគឺមានផលប៉ៈពាល់យ៉ាងខ្លាំង តាំងពីសត្វពាហនៈរហូតមនុស្ស ពីព្រោះទឹកដែលរោងចក្របង្ហូរចូលមាន ក្លិនស្អុយអសោច ដែលនៅស្ទើមិនអាចទ្រាំបាន»។
ចំពោះប្រពលរដ្ឋរស់ភូមិទួលសំណាង ភូមិដំណាក់អំពិល របស់ស្រុកអង្គស្នួល ខេត្តកណ្តាល ម្នាក់ៗក្រោយពីបានទទួលព័ត៌មានមានរោងចក្របង្ហូរទឹកស្អុយចូលបែបនេះ ក៏បានសម្តែងក្តីព្រួយបារម្មណ៍ ពីការទទួលឥទ្ធិពលនៃសារជាតិគីមី ដែលរោងចក្រយកប្រើហើយបង្ហូរតាមរយៈបោកគួកខោអាវ ជារៀងរាល់ថ្ងៃ។
ក្រុមអ្នកភូមិរស់នៅអមប្រឡាយបានទទូចដល់អាជ្ញាធរពាក់មេត្តាចុះពិនិត្យភាពមិនប្រកតីនេះ ជាបន្ទាន់ ពីព្រោះរោងចក្រ មានបំណងកាយលុបលើលូបំបាត់ដាន ដោយហូរនៅក្រោមដីចូលមកក្នុងប្រឡាយរហូត ៥-៦ កន្លែង ហើយបើមិនស្រូតមកពិនិត្យទេច្បាស់ជាបាត់ដានអស់មិនងាយ និងលុបវិញឡើយ ។
ទាក់ទងការបញ្ចេញប្រតិកម្មខាងលើនេះ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោកមិនបានដឹងរឿងនេះទេ តែបើរោងចក្រណាហ៊ានបំពានច្បាប់ លោកនឹងមានវិធានការចុះទប់ស្កាត់ជាបន្ទាន់ ។ លោកប្រធានមន្ទីរបានបន្តថា «បើទោះបីជារោងចក្រមានច្បាប់សាងសង់តែរោងចក្រនោះត្រូវមានច្បាប់បរិស្ថានោងដែរ ហើយរាល់ការអនុញ្ញាតនានាក៏ត្រូវគោរពច្បាប់បរិស្ថានផងដែរ»។
ទាក់និងរឿងបង្ហូរទឹកស្អុយចូលប្រឡាយនេះ ភ្លាមៗក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាឲ្យជំនាញចុះដល់កន្លែង ហើយលោកនឹងធ្វើរបាយការណ៍ជូនថ្នាក់លើសុំឲ្យរោងចក្រផ្អាកជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ៕