(ភ្នំពេញ)៖ ក្រុមហ៊ុន SCG ដែលជាក្រមហ៊ុនប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅអាស៊ាន បានប្រកាសចាប់ផ្តើម កម្មវិធីកម្មសិក្សាអន្តរជាតិ SCG ឆ្នាំ២០១៦ (SCG International Internship Program 2016) ដែលជាកម្មវិធីចុះកម្មសិក្សាជាលក្ខណៈអន្តរជាតិ រយៈពេលមួយខែ ទៅកាន់ប្រទេសថៃ ឧបត្ថម្ភដោយក្រុមហ៊ុន SCG សម្រាប់និស្សិតឆ្នាំទី៣ ដល់ឆ្នាំទី៥ ដែលកំពុងសិក្សាមុខវិជ្ជាមួយចំនួន ។

កម្មវិធីនេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន SCG ក្នុងការលើកកម្ពស់ការអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងតំបន់អាស៊ាន តាមរយៈការផ្តល់ឱកាសសម្រាប់និស្សិតសាកលវិទ្យាល័យ ទទួលបានបទពិសោធន៍ការងារ និងការបណ្តុះបណ្តាលនៅក្រុមហ៊ុន SCG ប្រទេសថៃ ក៏ដូចជាទទួលបានឱកាសហាត់ពត់ខ្លួននៅក្នុងកម្មវិធីអន្តរជាតិមួយ ។

លោកស្រី Paravee Tumrongsiskul ប្រធានផ្នែកធនធានមនុស្សប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន SCG បានឲ្យដឹងថា «ប្រសិនបើអ្នកមានឆន្ទៈ និងភាពស្វិតស្វាញ ក្នុងការសិក្សា ក៏ដូចជាមានបំណងចង់អភិវឌ្ឍខ្លួនសម្រាប់អាជីព នាពេលអនាគត អ្នកគួរតែសាកល្បងដាក់ពាក្យចូលរួមក្នុង កម្មវិធីកម្មសិក្សាអន្តរជាតិ SCG ហើយអ្នកនឹងទទួលបានបទ​ពិសោធន៍​ការងារជាក់ស្តែង ស្វែងយល់ពីវប្បធម៌​ការងារក្នុងប្រទេសដ៏ទៃ និងភ្ជាប់មិត្តភាពជាមួយនិស្សិតអន្តរជាតិផ្សេងទៀត ដែលសុទ្ធតែជាកត្តាគន្លឹះ ដើម្បីទទួលបានជោគជ័យ​ក្នុងអាជីពការងារ​នាពេលអនាគត ពិសេសក្នុងទីផ្សារការងារទំនើប ដែលមានការប្រកួតប្រជែងខ្ពស់»

យោងតាមក្រុមហ៊ុន SCG កម្មវិធីកម្មសិក្សាអន្តរជាតិ SCG ឆ្នាំ២០១៦  នឹងជ្រើសរើសនិស្សិតកម្មសិក្សាសរុបចំនួន ៤០នាក់ ពីប្រទេសសមាជិកអាស៊ានចំនួន៥ គឺកម្ពុជា ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពីន។ និស្សិតកម្មសិក្សា ដែលត្រូវបានជ្រើស នឹងទទួលបានសំបុត្រធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ការផ្គត់ផ្គង់អាហារ និងការស្នាក់នៅក្នុងប្រទេសថៃ ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ ការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាពិសេស ការចូលរួមក្នុងសកម្មភាពសង្គមរបស់ក្រុមហ៊ុន SCG ឱកាសដើរទស្សនាកំសាន្តក្នុងប្រទេសថៃ និងវិញ្ញាបនបត្របញ្ជាក់ការចូលរួមទៀតផង ។

លក្ខខណ្ឌតម្រូវចំពោះបេក្ខជន-បេក្ខនារី រួមមាន៖ មានសញ្ជាតិខ្មែរ ជានិស្សិតកំពុងសិក្សាក្នុងឆ្នាំទី៣ ដល់ទី៥ ថ្នាក់បរិញ្ញាបត្រ ក្នុងមុខជំនាញពាក់ព័ន្ធ ឬប្រហាក់ប្រហែល ដូចជា ១-មុខជំនាញវិស្វកម្ម (ជំនាញពាក់ព័ន្ធនឹង ធនធានរ៉ែ វិស្វកម្មស៊ីវិល វិស្វកម្មមេកានិច វិស្វកម្មអគ្គិសនី ស្វ័យប្រវត្តិកម្ម គីមីវិទ្យា ឬវិស្វកម្មឧស្សាហកម្ម), ២-មុខជំនាញពាណិជ្ជកម្ម (មុខជំនាញគ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ឬទីផ្សារ), ៣-វិទ្យាសាស្រ្តសង្គម (ចិត្តវិទ្យា វិទ្យាសាស្រ្តនយោបាយ ឬសង្គមសាស្រ្ត) ។ និស្សិតត្រូវមានសមត្ថភាពភាសាអង់គ្លេស មានភាពស្វាហាប់ និងឆន្ទៈក្នុងការសិក្សា ក៏ដូចជាមានពេលវេលាមួយខែ ដើម្បីចូលរួមក្នុងកម្មវិធីកម្មសិក្សានៅប្រទេសថៃ ពីថ្ងៃទី១១ កក្កដា ដល់ ០៩ សីហា ឆ្នាំ២០១៦ ។

និស្សិតដែលមានចំណាប់អារម្មណ៍ អាចចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/SCGcareer និងបំពេញពាក្យសុំដែលអាចទាញយកបានតាមទំព័រ https://goo.gl/HQIqTt ដោយក្នុងពាក្យសុំ ត្រូវបំពេញតាមអនឡាញ (online) នេះ និស្សិតត្រូវសរសេរសំណេរប្រវែង ៤០០ទៅ៦០០ពាក្យ ចំនួនពីរសម្រាប់ភ្ជាប់ទៅជាមួយផងដែរ ។ ថ្ងៃផុតកំណត់ទទួលពាក្យ គឺថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៦ ហើយសម្រាប់បេក្ខជន-បេក្ខនារី ដែលជាប់ជុំដំបូង ក្រុមហ៊ុននឹងទាក់ទងដើម្បីធ្វើការសម្ភាសបន្ថែម ត្រឹមថ្ងៃ ១៧ មីនា ឆ្នាំ២០១៦៕