(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈអ្នកជំងឺចំនួន៣នាក់ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជាសះស្បើយទាំង៣នាក់ ជាអ្នកជំងឺដែលឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រួមមាន៖
១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ។
២៖ បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកចូលហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ។
៣៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥៤នាក់ និងអ្នកជំងឺ៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យវិញ។ សម្រាប់អ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ មានចំនួនសរុប៤១នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៣៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥នាក់៕