(កណ្តាល)៖ អ្នកបើករថយន្តដឹកដី ចេញពីរណ្តៅដីរបស់ឈ្មួញឈ្មោះ ដាញ់ សុផល ម្នាក់បានរត់គេចខ្លួនភ្លាមៗ ក្រោយពីបានបើករថយន្តថយក្រោយ មិនប្រយ័ត្នបណ្តាលឲ្យកិនបុរសអ្នកបើករថយន្តដឹកដីក្រុមហ៊ុនវឌ្ឍនៈដូចគ្នាស្លាប់ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ព្រំ សំណាង អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យិុន ទូច អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិខ្នាតី ឃុំអង្គសោម ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ មុខរបរ បើករថយន្តដឹកដី។
ចំណែកអ្នករថយន្តបង្កឈ្មោះ ហៅ សិលា អាយុ៣២ឆ្នាំ មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅកន្លែងជីកដី របស់ក្រុមហ៊ុនវឌ្ឍន: ដូចជនរងគ្រោះដែរ ។
បើតាមលោកអធិការរង មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តម៉ាកហីុយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0943 ចូលមកដឹកដីនៅ ចំណុចកើតហេតុ។ ពេលនោះអ្នកបើកបររថយន្តបង្កម៉ាកហីុណូ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1254 ក៏បានបើករថយន្ត ចូលមកដល់ចំណុចកើតហេតុដើម្បីដឹកដី ដូចគ្នា។
ជាធម្មតារថយន្តដែលដឹកដីមក ដល់គោលដៅដឹកត្រូវបត់ នឹងបើកថយក្រោយដើម្បីឲ្យអេស្កាវើទ័រជីកដីដាក់ ពីលើរថយន្ត។ តែនៅម៉ោងកើតហេតុនោះ រថយន្តបង្កបានបើកមក នឹងថយក្រោយ ដូចរាល់ជើងដែលធ្លាប់ដឹក។ ដោយមិនដឹងថាមានមនុស្សនៅពីក្រោយរថយន្ត ហើយក៏មិនដឹងថា រថយន្តរបស់ខ្លួនបាន កិនមនុស្សដែរ ។
នៅពេលអេស្កាវ៉ាទ័រ ជីកដីដាក់លើរថយន្តជិតពេញហើយ អ្នកបើករថយន្តបង្កមើលទៅខាងរថយន្ត១ទៀត មិនឃើញបើកចេញក៏មានការឆ្ងល់ពេលនោះ ក៏ចុះពីលើរថយន្តរបស់ខ្លួនមក មើលស្រាប់តែឃើញមានមនុស្សដេកស្លាប់នៅក្រោមរថយន្តរបស់ខ្លួន ។ ឃើញដូច្នោះអ្នកបើករថយន្តបង្កក៏បានរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់តែម្តង ។
ក្រោយពីកាយអាមច៍ដីដាក់ពេញរថយន្តហើយ មិនឃើញ បើកចេញដូចសព្វដងនោះ អ្នកបើកអេស្កាវ៉ាទ័រ ក៏ចុះមកមើលថា ហេតុអីរថយន្តទាំង២មិនបើកចេញ ទើបដឹងថា មាន ករណីកិនមនុស្សស្លាប់ ហើយគាត់ ក៏បានផ្ដល់ព័ត៌មានដល់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឈើទាល និងរាយការណ៍ដល់រូបលោក ។
លោកអធិការរងបានបានឲ្យដឹងទៀតថាក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង ហើយបានទាក់ទងទៅក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយរថយន្តខាងលើទៅអធិការដ្ធាននគរបាលស្រុកបន្តនិតិវិធី កសាងសំណុំរឿងទៅសាលាដំបូង ៕