(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលបានប្រព្រឹត្តទៅ រយៈពេលពីរថ្ងៃកន្លងទៅនេះ មិនត្រឹមតែធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក កាន់តែល្អប្រសើរនោះទេ តែក៏បានធ្វើឲ្យទំនាក់ ទំនងកម្ពុជា-អាមេរិក រឹតតែល្អប្រសើរឡើងផងដែរ។ កិច្ចប្រជុំនេះ ក៏មិនបាននិយាយដល់បញ្ហានយោបាយនៅកម្ពុជានោះឡើយ។
ថ្លែងប្រាប់ព័ត៌មានរបស់ VOA ជាខេមរៈភាសា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន ដែលធ្វើឡើងពីថ្ងៃទី១៥-១៦ ខែកុម្ភៈ នៅរមណីយដ្ឋានសាន់នីឡែន ក្នុងរដ្ឋកាលីហ្វញ៉ាបានប្រព្រឹត្តទៅក្រោម បរិយាកាស ដ៏ល្អប្រសើរ និងមានការឯកភាពគ្នាយ៉ាងល្អផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ការប្រជុំយកយល់គ្នាល្អ មិនមានបញ្ហា មតិស្របគ្នាល្អណាស់។ កិច្ចប្រជុំបានពិភាក្សា លើបញ្ហាសន្តិសុខក្នុងតំបន់ បញ្ហាសន្តិសុខសមុទ្រ ជារួមទូទៅមានការឯកភាពល្អ។ ទំនាក់ទំនងអាស៊ាន-អាមេរិក កាន់តែល្អឡើង លើគ្រប់វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការប្រឆាំងភេរវកម្ម»។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបន្ថែមថា ក្រៅពីការបង្កើនទំនាក់ទំនងល្អប្រសើររវាងអាស៊ាន និងអាមេរិកហើយនោះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នេះ ក៏បានធ្វើឲ្យទំនាក់ទំនងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរផងដែរ។ ភាពល្អប្រសើរ នេះ មានទាំងការវិនិយោគ និងនយោបាយ។
លោក ហោ ណាំហុង បានឲ្យដឹងផងដែរថា កិច្ចពិភាក្សា បានធ្វើឡើងយ៉ាងស្និទ្ធស្នាល ហើយប្រធានាធិបតីអាមេរិក បានទទួល ស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងប្រមុខដឹកនាំអាស៊ានដទៃទៀតយ៉ាងកក់ក្តៅ។
ឆ្លើយតបសំណួររបស់អ្នកព័ត៌មាន VOA ថា តើមានការនិយាយអំពីនយោបាយនៅកម្ពុជា ដែលហាក់កំពុងមានភាពមិនល្អដែរ ឬ យ៉ាងណានោះ? លោក ហោ ណាំហុង បញ្ជាក់ថា កិច្ចប្រជុំលើកឡើងតែបញ្ហារួម មិនមានលើកបញ្ហាបុគ្គលមកនិយាយនោះទេ៕
VOA ធ្វើបទសម្ភាសន៍ជាមួយលោក ហោ ណាំហុងចុចស្តាប់បទសម្ភាសន៍លោក Sok Khemara VOA សុខ ខេមរា ជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅក្រោយកិច្ចប្រជុំអាស៊ាន-អាមេរិកកាលពីថ្ងៃល្ងាចថ្ងៃអង្គារទី១៦ ខែកុម្ភៈ។VOA Khmer reporter Sok Khemara's interview with Cambodian Deputy Prime Minister Hor Nam Hong on the results of the U.S-ASEAN Summit in Sunnylands, California as he was leaving the hotel.
Posted by VOA Khmer on Tuesday, February 16, 2016