(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Sam B. Tonn និងលោកស្រី Chanthy Lap ប្រធានសមាគម Seattle-Sihanoukville Sister City និងក្រុមការងារនៃអង្គការ CAMSAFE (Cambodia Safety Solution Organization) ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា។
កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះ ដេីម្បីទិញស្បៀង-សម្ភារប្រេីប្រាស់នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។
អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជនជាតិ-អន្តរជាតិ ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានសរុបចំនួន ១០៥,០១២គ្រួសារ។
ដោយឡែក ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០,៦៦៣គ្រួសារ រស់នៅភូមិចំនួន១,០៤៥ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តទាំង២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤,៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥,៦៧៧គ្រួសារ)៕