(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ឆ្នាំ២០២០-២០២៥ ក្រោមការរំពឹងទុកថានឹងទទួលបានការសម្រេចពីរាជរដ្ឋាភិបាល ក្នុងពេលឆាប់ៗខាងមុខ។
ការបញ្ជាក់នេះធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារជំនាញរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោករដ្ឋមន្រ្តី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍។
អង្គប្រជុំបានឱ្យដឹងថា សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងបានទទួលការឯកភាពគាំទ្រ ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ហើយគ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ចុងក្រោយ មុននឹងដាក់ឆ្លងរាជរដ្ឋាភិបាល នាពេលឆាប់ៗខាងមុខនេះ។
សេចក្តីព្រាងផែនទីចង្អុលផ្លូវខាងលើនេះ ចែកចេញជាបីដំណាក់កាល រួមមាន៖
* ដំណាក់កាលទី១៖ ការគ្រប់គ្រងវិបតិ្តក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងការរៀបចំផែនការស្តារឡើងវិញ Resilience & Restart Tourism (២០២០-២០២១)។
* ដំណាក់កាលទី២៖ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ Recovery (២០២២-២០២៣)។
* ដំណាក់កាលទី៣៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា Relaunch (២០២៤-២០២៥)៕