(ភ្នំពេញ)៖ អ្នកបើកបរយានយន្តក្រោមឥទ្ធិពលគ្រឿងស្រវឹងចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ធ្វើការឃាត់ខ្លួន នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងប្រតិបត្តការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នេះបើយោងតាមរបាយការណ៍ របស់នគរបាលចរាចរណ៍។
របាយការណ៍ដដែលបានបញ្ជាក់ថា នៅយប់មិញនេះ យានយន្តដែលបានធ្វើការត្រួតពិនិត្យ ទាំងអស់មានចំនួន៨៨គ្រឿង (ម៉ូតូចំនួន៤៧៦ គ្រឿង និងរថយន្ត៤០៤ គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន២៥៩ គ្រឿង (ម៉ូតូ១៧៩ គ្រឿង និងរថយន្ត៨០គ្រឿង) អប់រំអ្នកបើកបរដែលមានអត្រាជាតិ ស្រវឹងក្រោម០,២៥ ចំនួន២៣នាក់ (ម៉ូតូចំនួន២២នាក់ និងរថយន្តម្នាក់) ពិន័យអ្នកបើកបរដែលមានអត្រា ជាតិស្រវឹងចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម៨នាក់ (ម៉ូតូចំនួន៦នាក់ និងរថយន្តចំនួន២នាក់)។
លើសពីនេះទៅទៀតនោះ សមត្ថកិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន៧នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៦នាក់ មានអត្រាជាតិអាល់កុលពី០,៦០ ដល់ ០,៨៤ MgL/ខ្យល់ និងអ្នកបើកបររថយន្តម្នាក់ មានអត្រាជាតិអាល់កុល ០,៨០ MgL/ខ្យល់។
គួរបញ្ជាក់ថាលទ្ធផលត្រួតពិនិត្យរយ:ពេល១៩លើក បានឃាត់អ្នកបើកបរយានយន្តចំនួន១៦២នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៤១នាក់ជាស្ត្រី និងអ្នកបើកបរម៉ូតូចំនួ១២១នាក់៕