(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកវគ្គបណ្តុះបណ្តាលជាស៊េរីពីចម្ងាយ (ប្រព័ន្ធវីដេអូ Zoom) ស្តីពី ‹លទ្ធកម្មសាធារណៈ, នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា និងសវនកម្មផ្ទៃក្នុង› ជូនសិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការទទួលបន្ទុកការងារពាក់ព័ន្ធ នៃក្រសួងស្ថាប័ន ។
វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្ត្រីទទួលបន្ទុកការងារលទ្ធកម្ម, ការងារថវិកា, ការងារគណនេយ្យ និងសវនផ្ទៃក្នុង ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោម តាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គ្រូឧទ្ទេស និងសិក្ខាកាម ចូលរួមសរុបប្រមាណ៩០នាក់។
ថ្លែងក្នុងពិធីនេះ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីវគ្គបណ្តុះបណ្តាលនេះ គឺជាកិច្ចការដ៏សំខាន់មួយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់សំដៅអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការគោលដៅ ដែលជាមន្ត្រីទទួលបន្ទុកការងារលទ្ធកម្ម, ការងារថវិកា, ការងារគណនេយ្យ និងសវនកម្ម ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស «លទ្ធកម្មសាធារណៈ, នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា និងសវនកម្មផ្ទៃក្នុង»។
បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ សម្រាប់រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលការណ៍នេះ ធ្វើឱ្យការកសាង និងអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្លាយជាតម្រូវការចាំបាច់សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគ្រប់ក្រសួងស្ថាប័ន ត្រូវចូលរួមស្វែងយល់ និងពង្រឹងពង្រីកសមត្ថភាព ដើម្បីអនុវត្តការងារឱ្យកាន់ទេមានប្រសិទ្ធភាពខ្ពស់ ។
បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃការកសាង និងអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការបច្ចេកទេសរបស់ក្រសួងស្ថាប័ន ពាក់ព័ន្ធទៅនឹងៈ នីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, ការរៀបចំថវិកា, ការអនុវត្តថវិកាចរន្ត, នីតិវិធីរជ្ជទេយ្យបុរេប្រទាន, កិច្ចបញ្ជិការ រជ្ជទេយ្យបុរេប្រទាន, និង សវនកម្មផ្ទៃក្នុង ដែលប្រធានបទទាំងនេះ សុទ្ធតែជាមូលដ្ឋានគ្រឹះសំខាន់ៗ សម្រាប់គាំទ្រដល់ការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការបច្ចេកទេសនៃក្រសួងស្ថាប័ន ស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិថ្មីៗ ដើម្បីកំណត់អំពីនីតិវិធីនៃការអនុវត្តការងារថ្មី ក្នុងគោលដៅដើម្បីឈានទៅកែលម្អការអនុវត្តការងារ ឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរួមចំណែកអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល៕