(ភ្នំពេញ)៖ គម្រោងសាងសង់អគារភ្លោះកម្ពស់ ១៣៤ជាន់ ឬប្រមាណ ៥០០ម៉ែត្រ ដែលស្ថិតនៅចំនុចកណ្ដាលរាជធានីភ្នំពេញ គឺនៅក្នុងមជ្ឈមណ្ឌល កម្សាន្ត ឌ្រីម លែន ជាគម្រោងស្ថិតក្រោមការវិនិយោគរួមរវាងក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ខូអិលធីឌី និងក្រុមហ៊ុនសាងសង់របស់ចិន នេះបើយោងតាមលិខិតរបស់មន្ទីររៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ដែលអង្គភាពយើងខ្ញុំទើបទទួលបាន។
គម្រោងដំណើរការសាងសង់អគារភ្លោះនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០១៦នេះ លើផ្ទៃដីទំហំ ៥ហិកតា ហើយនឹងចំណាយពេលសាងសង់រយៈ ពេល ៣ឆ្នាំ ដោយបញ្ចប់ក្នុងឆ្នាំ ២០១៩។ អគារខ្ពស់កប់ពពកនេះ គេរំពឹងថាជាអគារខ្នាតយក្សក្នុងតំបន់អាស៊ី ដែលវានឹងស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខ ណាហ្គាវើល។ អគារឈ្មោះដែលមាននាមថា «អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង»។
ក្រុមមន្ត្រីជំនាញគម្រោងវិនិយោគបានសន្និដ្ឋានថា អាចនឹងត្រូវចំណាយទុនយ៉ាងហោចណាស់ជាង ១ពាន់លានដុល្លារអាមេរិក។ គម្រោងនេះជាគម្រោងដ៏ធំបំផុតនៅអាស៊ី ហើយវានឹងបង្ហាញពីមុខមាត់ នឹងលំនឹងសេដ្ឋកិច្ចកម្ពុជាលើវិស័យសំណង់ ដែលកំពុងមានការរីកចម្រើន និងទាក់ទាញការវិនិយោគថ្មីៗ កាន់តែច្រើនបន្ថែមទៀត។
ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ នៅទីក្រុងភ្នំពេញ មានសំណង់អគារខ្ពស់ៗ ចាប់ពីកម្ពស់ ៥ជាន់ ដល់លើសពី៤០ជាន់ឡើងទៅ មានចំនួន ៦២៨អគារ នេះបើយោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ៕