(តាកែវ)៖ ថវិកាចំនួន ១៦,០៣០,០០០រៀល ត្រូវបានកងកម្លាំង នៃតំបន់ប្រតិបត្តិការសឹករងតាកែវ យោធភូមិភាគទី៣ បរិច្ចាគដោយស្ម័គ្រចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩។
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ តំបន់ប្រតិបត្តិការសឹករងតាកែវ បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះរបស់តំបន់ប្រតិបត្តិការសឹករង ក្រោមអធិបតីឧត្តមសនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត និងតាមលទ្ធភាព ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បានថ្លែងថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះតំបន់ប្រតិបត្តិការសឹករងតាកែវ មានទឹកចិត្តប្រកបដោយសោមនស្សរីករាយក្នុងការស្មោះស្ម័គ្របរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយបងប្អូនយោធិនយើងបានលះបង់ថវិកាផ្ទាល់ខ្លួនតាមលទ្ឋភាពរបស់យោធិនម្នាក់ៗសរុបថវិការួមបានចំនួន ១៦,០៣០,០០០ រៀលដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានស្មោះស្ម័គ្រ ប្រកបដោយ ទឹកចិត្តជ្រះថ្លាក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់ចាក់ជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការដែលមានហានិភ័យខ្ពស់ក្នុងការអន្តរាគមន៍បម្រើប្រជាជន និងជំហានបន្តបន្ទាប់ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងទូទាំងប្រទេសផងដែរ៕