(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះបានបន្ដចុះពិនិត្យសួរសុខទុក្ខពលករ ដែលមកពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រករបៀងផ្សេងៗ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយពីទទួលព័ត៌មានថា មានពលករចំណាកស្រុក ដែលចូលទៅធ្វើការនៅប្រទេសថៃ បាននាំគ្នាសម្រុកមកតាមច្រករបៀងៗ ក្នុងស្រុកម៉ាទ្បៃ ក្នុងខេត្ដបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ត្រី សួង សៅ មេបញ្ជាការវរព្រំដែនគោក៨១៥ បានឲ្យដឹងថា ដោយសារប្រទេសថៃ នៅក្នុងខេត្តសាមុទ្រសាខន ផ្ទុះឡើងវិញនូវជំងឺឆ្លងកូវីដ១៩ ដែលជាក្តីបារម្ភ និងក្រោយពីទទួលបានបទបញ្ជាពីសម្តេចតេជោ ប្រមុខថ្នាក់រាជរដ្ឋាភិបាលកម្ពុជា, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត/ក្រុង ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នខេត្ត/ក្រុង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យមើល នូវស្ថានភាពទូទៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថែ។
ជាពិសេសស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យតែម្តង ដើម្បីចាត់ដាក់វិធាការបន្ថែម ក្នុងការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃឲ្យបានហ្មត់ចត់តឹងរឹងបំផុត ដោយត្រួតពិនិត្យវាស់កំដៅ រួចបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។
បើតាមក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញដែលប្រចាំការនៅចំណុចខាងលើ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ចាពីសម្តេចតេជោមក មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បានរឹតបន្តឹងបំផុត នៅពេលដែលពួកកាត់ចេញពីទឹកដីថៃ មិនអនុញ្ញាតឲ្យពួកគាត់ចេញទៅណាបាត់មួយនាក់នោះទេ ដោយធ្វើការពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ មិនខ្វល់ពីការពិនិត្យឃើញមានការសង្ស័យឬមិនមាននោះទេ ដោយយកយុទ្ធសាស្ដ្រចាស់ របស់សម្តេចតេជោ កាលពីអំឡុងខែមិនា កន្លងទៅ ដោយកាលនោះមិនមានអ្នកឆ្លងនោះទេ ដើម្បីទប់ស្កាត់ការរីករាដាលក្នុងសហគមន៍។
មន្ត្រីជំនាញដដែរបន្តថា ប្រជាពលរដ្ឋដែលចេញពីទឹកដីថៃ ក្រោយពិនិត្យរួចត្រូវបានបញ្ជូនទៅកន្លែកពិនិត្យសំណាកនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងវិទ្យាម៉ាទ្បៃ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ៕