(ភ្នំពេញ)៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មី ជម្រាបជូនអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីការត្រៀមថវិកា៣០០លានដុល្លារ របស់រដ្ឋាភិបាលអូស្ដ្រាលី សម្រាប់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយដល់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជាផងដែរ។
ការបញ្ជាក់នេះ ក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Pablo Chiho Kang នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក Pablo Chiho Kang ព្រមទាំងសហការី និងបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែចូលរួម ចំណែកជាមួយនឹងបណ្តាដៃគូអភិវឌ្ឍន៍នានា ជួយឧបត្ថម្ភគាំទ្រ ផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ឥតសំណងនានា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេសលើវិស័យអប់រំ សុខាភិបាល កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចជាដើម។
លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្តែងនូវការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការ យ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកអគ្គរដ្ឋទូត បានជម្រាបជូនថា រដ្ឋាភិបាលអូស្រ្តាលី សន្យានឹងជួយឧបត្ថម្ភគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង និងកម្មវិធីនានា ដែលកំពុងប្រតិបត្តិការនៅកម្ពុជាបន្តទៀត សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល, វិស័យកសិកម្ម, ការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយគាំពារ សង្គម និងធានាសមភាពក្នុងការទទួលបាននូវសេវាសង្គមដល់ជនពិការ និងស្រ្តីងាយរងគ្រោះ។
លោកអគ្គរដ្ឋទូត បានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអូស្រ្តាលី នឹងចូលរួមគាំទ្រហិរញ្ញប្បទានមានទឹកប្រាក់ ៣០០លានដុល្លារអូស្រ្តាលី ដល់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជាផងដែរ ក្រោមកញ្ចប់ជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងន័យបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បី ឆ្លើយតបទៅនឹងការបញ្ឍប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
កម្មវិធីនេះ នឹងផ្តោតលើសមាសភាព៣ សំខាន់ៗ រួមមាន៖ ការធ្វើ កិច្ចលទ្ធកម្ម, ការផ្តល់ប្រឹក្សាបច្ចេកទេស (ការដឹកជញ្ជូន និងការរក្សាទុកនូវវ៉ាក់សាំង) និង ការផ្តល់ការបណ្តុះ បណ្តាលដល់ក្រុមការងារសុខាភិបាល។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះ គំនិតផ្តួចផ្តើមនេះ និងបានជម្រាបទៅលោកអគ្គរដ្ឋទូតផងដែរថា, ផ្អែកតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំកិច្ចប្រជុំ ជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ទាំងពហុភាគី និងទាំងទ្វេភាគី ជាពិសេស អង្គការសុខភាពពិភពលោក (WHO) ដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងគោលបំណងទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ, ស័ក្តសិទ្ធិភាព នៃផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការចាត់ចែង បញ្ជាទិញ ដើម្បីធានាបាននូវការគ្រប់គ្រងសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព នៃការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជា ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងឡាយណា ដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) តែប៉ុណ្ណោះ។
លោកអគ្គរដ្ឋទូត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងភាពជាម្ចាស់ប្រកបដោយបុរេសកម្មលើកិច្ចការ ប្រយុទ្ធប្រឆាំងនឺងជំងឺរាតត្បាតជាសកលនេះ និងបានបង្ហាញជំហរច្បាស់លាស់ ក្នុងការត្រៀមខ្លួនជាស្រេច ក្នុងបន្តសកម្មចូលរួមជាមួយ រាជរដ្ឋាភិបាលថែមទៀត ។
ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំរបស់លោកអគ្គរដ្ឋទូត និងរដ្ឋាភិបាលអូស្រ្តាលី ដែលជានិច្ចកាលតែងតែចូលរួមវិភាគទានដ៏ថ្លៃថ្លា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងបានជូនពរលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត ព្រមទាំងសហការីទាំងអស់ សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច៕