(ឥណ្ឌា)៖ ឥណ្ឌានៅថ្ងៃអង្គារម្សិលមិញ បានទទួលភាពជោគជ័យ នៅក្នុងការបាញ់សាកល្បង គ្រាប់មីស៊ីលប្រភេទ Prithvi-II ផលិតឡើងដោយខ្លួនឯង ចេញពីស្ថានីយ៍បាញ់សាកល្បង នៅភាគខាងកើតរដ្ឋ Odisha នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
«មីស៊ីល ត្រូវបានបាញ់សាកល្បងចេញពីស្ថានីយ៍ Integrated Test Range ក្នុងរដ្ឋ Odisha ជាផ្នែកមួយនៃការប្រើប្រាស់សាកល្បង របស់កងកម្លាំងយោធាឥណ្ឌា ដោយការបាញ់សាកល្បងនេះ ប្រកបដោយភាពជោគជ័យ» នេះបើតាមប្រភពមួយបានឲ្យដឹងយ៉ាងដូច្នេះ។
គ្រាប់មីស៊ីលប្រភេទ Prithvi-II ត្រូវបានបាញ់ក្នុងរយៈចម្ងាយ ៣០០គីឡូម៉ែត្រ ហើយសមត្ថភាពរបស់វា អាចផ្ទុកក្បាលគ្រាប់ទម្ងន់ ១,០០០គីឡូក្រាម។ គ្រាប់មីស៊ីលនេះ ត្រូវបានដាក់ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធ នៅក្នុងឆ្នាំ២០០៣ ហើយបានប្រើប្រាស់សាកល្បងចុងក្រោយ កាលពីខែវិច្ចិកា ឆ្នាំ២០១៥៕