(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅថ្ងៃទី២៤ ខែធ្នូ ឆ្មាំ២០២០នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចទំពួនចំនួន២ភូមិ គឺភូមិរ៉ក និងភូមិឡាឡៃ ស្ថិតក្នុងឃុំកុកឡាក់ ស្រុកវើនសៃ។
ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ថុល ឌីណា តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រធាន អនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។
លោក លី ឧសភា ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី ខេត្តរតនគិរី បានឲ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព សហគមន៍ជនជាតិដើមភាគតិចទំពួនជូនដល់ភូមិរ៉ក និងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ នាពេលនេះមា ដែលមានប័ណ្ណសរុបចំនួន១៥ក្បាលដី លើផ្ទៃដីចំនួន១២,២៥៩,១៩៦ហិកតា។
លោក ថង សាវុន បានចាត់ទុកប័ណ្ណកម្មសិទ្ធិ ដីធ្លីសមូហភាពដែលសហគមន៍ទទួលបាននេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យ សហគមន៍ទាំងមូល ជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន។
លោកថា ដីធ្លីដែលពុកម៉ែបងប្អូនបានចុះបញ្ជី ជាសមូហភាពនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណនេះ។
ដូច្នេះការចុះបញ្ជីជាលក្ខណៈសមូហភាព គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងធនធានធម្មជាតិ ក្នុងសហគមន៍ប្រកបដោយនិរន្តរភាព ដែលនឹងជំរុញការប្រើប្រាស់ដីធ្លី ឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លីរវាងភូមិ និងភូមិជាពិសេសការកាត់បន្ថយ ភាពក្រីក្រដែលជាគោលនយោបាយ ជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ដែលមានចំពោះជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកកម្ពស់ទាំងជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិច ប្រកបដោយសុខដុមនីយកម្ម នៅកម្ពុជាផងដែរ។
ជាមួយគ្នានោះ លោកក៏បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព និងផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចទាំងពីរភូមិ ត្រូវថែរក្សាឲ្យបានគង់វង្ស នូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ៕