(កាត្មាន់ឌូ)៖ ស្របពេលដែលទីក្រុងកាត្មាន់ឌូ កំពុងតែបើកយុទ្ធនាការកសាង រូបសំណាកប៉ម ដារ៉ាហារ៉ា (Dharahara Tower) ឡើងវិញ បន្ទាប់ពីវាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ដោយគ្រោះរញ្ជួយដីដ៏កក្រើក កាលពីខែមេសា ឆ្នាំ២០១៥ កន្លងមកនោះ លោកនាយករដ្ឋមន្ត្រីនេប៉ាល់ សាម៉ា អូលី (KP Sharma Oli) បានប្រកាសថា លោកនឹង បរិច្ចាគប្រាក់ខែរបស់ខ្លួនមួយខែ ដើម្បីជួយដល់ដំណើរការនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ចំពោះទង្វើរបស់លោកនាយករដ្ឋមន្ត្រីខាងលើនេះ គឺត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តឲ្យប្រជាជន នេប៉ាល់ទាំងអស់ ដាក់ចិត្តលះបង់ថវិកាបន្តិចបន្តួចដែលអាចទៅរួច ដើម្បីការកសាងការខូចខាត និមិត្តរូប នៃរដ្ឋធានីរបស់ខ្លួន ក៏ដូចជាកន្លែងផ្សេងៗទៀត ដែលបានបាត់បង់ក្រោយគ្រោះរញ្ជួយដី វាយប្រហារកាលពីឆ្នាំ ២០១៥។ ដោយសារតែ ការបរិច្ចាគប្រាក់ខែនាយករដ្ឋមន្ត្រី ទើបដំណើរការសាងសង់ ប៉ម ដារ៉ាហារ៉ា នឹងអាចបញ្ចប់ក្នុងពេល ១ខែ។
គួរបញ្ជាក់ថា ក្រោយរញ្ជួយដីវាយប្រហារទីក្រុងកាត្មាន់ឌូ និង តំបន់ជុំវិញ នៅក្នុងប្រទេសដែលសម្បូរទីបុរាណស្ថាន នេះ ទីតាំងប្រវត្តិសាស្ត្រយ៉ាងហោចណាស់ក៏ ៧៥០ កន្លែងដែរ បានរងការបំផ្លាញ ដោយក្នុងនោះ ១៣៣កន្លែង បានខ្ទេចរាបដល់ដីតែម្តង ស្របពេលដែល ៦២១ កន្លែងទៀត អាចជួសជុលឡើងវិញបាន៕