(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនក្រួសារកក់ក្ដៅ និងភរិយា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើការប្រគល់ និងទទួលម៉ាសចំនួន ៣០,០០០ម៉ាស និងជែលចំនួន ២,០០០ដប ដែលជាអំណោយរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ សម្រាប់ចែកជូនមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ រួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងជំនួបនេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទមានតួនាទី និងភារកិច្ចធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ជនបទ ធ្វើយ៉ាងណាបង្ខិតគម្លាតរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅតំបន់ជនបទ។ បេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដោយផ្ដោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងធ្វើការ កែលម្អជាបណ្ដើរៗ ពីផ្លូវជនបទក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។

ជាមួយនេះ ក្រសួងមានភារកិច្ចមួយទៀត គឺថែទាំសុខភាពជូនប្រជាពលរដ្ឋនៅជនបទ ដែលកំពុងធ្វើសកម្មភាពចំនួនពីរ គឺការងារសម្អាត និងអនាម័យជនបទ ដែលការងារទាំងពីរនេះ ត្រូវផ្សារភ្ជាប់ទៅនឹងវិស័យផ្គត់ផ្គង់ទឹក ដែលរាជរដ្ឋាភិបាលបានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទ ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

លោកឧកញ៉ា អ៊ុច សម្បត្តិ បានជម្រាបជូនលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ថា កន្លងមកក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានផ្ដល់ជូនម៉ាសចំនួន៥ម៉ឺនម៉ាស ដល់រាជរដ្ឋាភិបាលផងដែរ ហើយក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពាជំងឺកូវីដ១៩ ចំនួន១ម៉ឺនដុល្លារ។ ជាមួយនេះ ក្រុមហ៊ុនរបស់លោក ក៏បានជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់បានមួយចំនួនធំ នៅខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងផងដែរ។

លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលបានផ្ដល់ម៉ាស និងជែល ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩៕