(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានដឹកនាំ «កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពលើកទី៧» នៅទីស្តីការសហគ្រិនខ្មែរ។

កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពលើកទី៧ នេះមានការចូលរួមពី លោក, លោកឧកញ៉ា សមាជិកនៃក្រុមប្រឹក្សាបរធនបាល តំណាងឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពនៃប្រតិបត្តិការ របស់លេខាធិការដ្ឋាន ម.អ.ស. និងសហគ្រិនខ្មែរក្នុងឆ្នាំ២០២០ និងកំណត់
ទិសដៅសម្រាប់ឆ្នាំ២០២១។

ក្រុមប្រឹក្សាបរធនបាល បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារ ក្នុងរយៈពេលកន្លងមក ទោះបីជាស្ថិតក្នុងស្ថានភាពនៃ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានមានដូចជា៖ វឌ្ឍនភាពនៃកម្មវិធីស្នូលទាំង៤, ការរៀបចំកម្មវិធីកញ្ចប់ជំនួយ សហគ្រិនខ្មែរចំនួន២លើក ដែលបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចចំនួន២៧ ក្នុងបរិការណ៍ជំងឺកូវីដ-១៩, ការរៀបចំកម្មវិធី «អង្គរ៥០០» ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន 500 Startups ដើម្បីគាំទ្រសហគ្រិន ក្នុងការបង្កើតអាជីវកម្មថ្មី ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងពង្រីកអាជីវកម្មទៅក្នុងថ្នាក់តំបន់ និងសកលលោក, និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីបង្កើតបណ្តាញ និងបង្កើនប្រសិទ្ធភាពការងារ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីនៅកម្ពុជា ឱ្យកាន់តែរស់រវើក, ជំរុញការបង្កើតការងារ និងជួយទ្រទ្រង់សហគ្រាស ជាពិសេសក្នុងបរិការណ៍ជំងឺកូវីដ-១៩ ផ្ទាល់។

ទន្ទឹមនេះក្រុមប្រឹក្សាបរធនបាល ក៏បានដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២១ ដែលផ្តោតសំខាន់លើ៖
១៖ ការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សម្រាប់ឆ្នាំ២០២១ និងរយៈពេលមធ្យមខាងមុខ។
២៖ ពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព និងសហគ្រាសធុនតូច និងមធ្យមបន្ថែមទៀត ដើម្បីបន្តលើកកម្ពស់ដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា។
៣៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រតិបត្តិការ របស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។
៤៖ ពង្រីកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ននានា ដើម្បីលើកម្ពស់វប្បធម៌ សហគ្រិនភាពនៅកម្ពុជា និងកិត្តិនាមរបស់សហគ្រិនខ្មែរឱ្យបានទូលំទូលាយ។

លោក វង្សី វិស្សុត បានថ្លែងអំណរគុណអស់លោក, លោកឧកញ៉ា សមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងបានវាយតម្លៃខ្ពស់ ដល់ក្រុមការងារ ដែលបានខិតខំបំពេញការងារទទួលបាន វឌ្ឍនភាពល្អប្រសើរ និងមានឆន្ទៈមុតមាំ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យកាន់តែរស់រវើកឡើង និងរីកចម្រើនទៅមុខប្រកបដោយចីរភាព៕