(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ សមាជិកគណៈកម្មាការជាតិកែទម្រង់ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ។
ថ្លែងនៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងអំពីដំណើរការអនុវត្តការកែទម្រង់ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ របស់ក្រសួងការពារជាតិ។
លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានផ្តល់នូវថវិកា សម្រាប់សម្រួលទៅតាមតម្រូវការ របស់ក្រសួងការពារជាតិ ដើម្បីធានានូវសុខភាពដល់ ខ.ភ.ម ក្នុងការហ្វឹកហ្វឺនបង្កើនសមត្ថភាព សម្រាប់ការបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដីឲ្យបានគង់វង្ស។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រសួងការពារជាតិ បានអនុវត្តទទួលបានជោគជ័យលើការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២០ ហើយកងទ័ពបានទទួលការយកចិត្តទុកដាក់គិតគូរខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាលលើជីភាពរស់នៅប្រចាំថ្ងៃ និងការកសាងអង្គភាព ជំរុំជំរកស្នាក់ថែមទៀត។
នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា សម្រាប់កងទ័ព ការងារហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់ ដើម្បីកសាងកម្លាំងទ័ពលើវិស័យការពារជាតិ ឲ្យបានរឹងមាំ យើងត្រូវតែធ្វើយ៉ាងណា បើកចែកថវិកា និងគោលរបបនានា ឲ្យបានដល់ដៃកងទ័ព ទាន់ពេលវេលា និងគ្រប់ចំនួនស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល បានដាក់ចុះដើម្បីឲ្យកងទ័ព កាន់តែមានសមត្ថភាព និងមានជីវភាពរស់នៅកាន់តែប្រសើជាងមុន៕