(ភ្នំពេញ)៖ អធិការរងនគរបាលខណ្ឌឫស្សីកែវ លោក អ៊ីវ ឈុនផេង បានប្រាប់ Fresh News ថា នៅម៉ោង១១៖៣០នាទី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខសាច់អាំងគីឡូម៉ែត្រលេខ៦ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ មានអំពើឃាតកម្មចាក់សម្លាប់ បុរសម្នាក់រហូតស្លាប់ ពេលដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលបង្កឡើងដោយបងប្អូនបង្កើត៣នាក់ ក្រោយពួកគេទាំងជនរងគ្រោះ និងជនបង្កបានឈ្លោះទាស់សំដីគ្នា ដោយសារតែស្រវឹង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ ខាត់ សុភ្តត្រា អាយុ៣១ឆ្នាំ មុខរបរធ្វើម្ហូបការ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវបេតុងក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។ ដោយឡែកជនបង្កទាំង៣នាក់បងប្អូន ដែលត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និងខណ្ឌដឹកនាំដោយអធិការ ទៀង ច័ន្ទសារ ចុះទៅចាប់ខ្លួនភ្លាមៗនោះ រួមមាន ទី១-ឈ្មោះ ហិន ចាន់ធួន អាយុ១៨ឆ្នាំមុខរបរកម្មករ, ទី២-ឈ្មោះ ហិន ចាន់ធិម អាយុ២១ឆ្នាំ មុខរបរកម្មករស្នាក់នៅជាមួយគ្នា (ចូលរួមសកម្មភាពវាយ ទៅលើជនរងគ្រោះ) និងទី៣ ឈ្មោះ ហិន ចាន់ថូន អាយុ២៥ឆ្នាំមុរបរកម្មករ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ក្រុម៣ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតត្រលេខ៦ (ដៃដល់ប្រើដាវចាក់សម្លាប់ជនរងគ្រោះ)។
សមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា មុនពេលកើតហេតុ ជនរងគ្រោះដើរមកដល់កន្លែងកើតហេតុ បានជួបជាមួយជនសង្ស័យ៣នាក់ បងប្អូនកំពុងអង្គុយលេង ក៍បានប្រើពាក្យសំដីមិនសមរម្យដាក់គ្នា ឈានទៅដល់វាយប្រតាយប្រតប់ បន្ទាប់មកឈ្មោះ ហិន ចាន់ធួន រត់ទៅយកដាវពីផ្ទះចាក់សំដៅជនរងគ្រោះ ត្រូវចំក្បាលសាតផ្កាខាងឆ្វេង និងកំពួនដៃខាងឆ្វេង ពេលដឹកដល់មន្ទីរពេទ្យបង្អែកគីឡូម៉ែត្រលេខ៦ បានស្លាប់។ ក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតដាវ១ដើម។
បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សកែវ ដើម្បីចាត់ការតាមច្បាប់៕