(ភ្នំពេញ)៖ អគារទីស្តីការថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសម្ពោធដាក់ឱ្យដំណេីរការជាផ្លូវការនៅខែមករា ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរទីស្តីការក្រសួងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រសួងនឹងប្ដូរទៅអគារទីស្ដីការក្រសួងថ្មីនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អគារនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្ដុំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ឆ្លើយតបទៅតាមទំហំការងារនាពេលបច្ចុប្បន្ន ឆ្លុះបញ្ចាំងចក្ខុវិស័យនាពេលអនាគត។ ជាពិសេសទីតាំងថ្មីនេះជួយសម្រួលដល់លំហូរការងារប្រចាំថ្ងៃរបស់មន្ត្រីគ្រប់ជាន់ថ្នាក់បានកាន់តែល្អប្រសើរ និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលស្វែងរកសេវាសាធារណៈចាំបាច់នៅក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងឱកាសនោះទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងបុព្វហេតុបម្រើឧត្ដមប្រយោជន៍ជាតិ និងបានថ្លែងអំណរគុណដល់ក្រុមការងារទទួលបន្ទុកការងារសាងសង់អគារទីស្ដីការក្រសួងថ្មីនេះបានចប់សព្វគ្រប់តាមពេលវេលាដែលបានកំណត់ និងបានផ្ដាំ ផ្ញើឱ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត។ ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាអគារថ្មីនេះ និងគ្រឿងចក្រនានាឱ្យបានល្អបំផុត ដើម្បីប្រើប្រាស់បានយូរអង្វែង៕