(កំពង់ធំ)៖ ឆ្លៀតពេលទំនេរពីការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋទូទៅ នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានស្កាត់ទៅសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៥ នាក់ ដែលកំពុងធ្វេីចត្តាឡីស័កយ៉ាងត្រឹមត្រូវនៅវិទ្យាល័យ ជា សុីម កំពង់ថ្ម ក្រោយវិលត្រលប់មកពីធ្វេីការនៅប្រទេសថៃ។
ការបំពេញកិច្ចការទាំងនេះ គឺជាការអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែដាស់តឿនដល់ក្រសួង ស្ថាប័ន ពិសេសអាជ្ញាធរមូលដ្ឋានឱ្យតាមដានជាប់ជានិច្ចចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍នេះ។
តាមការឱ្យដឹងពីលោក ហាក់ ម៉ុងហួត មកដល់ពេលនេះ ប្រជាពលរដ្ឋទាំង ៥ នាក់ខាងលើមានសុខភាពល្អធម្មតាទេ ហើយមន្ត្រីសុខាភិបាលក៏តែងយកចិត្តទុកដាក់តាមដានជាប្រចាំផងដែរ។
លោកអភិបាលស្រុកបានដាស់តឿនបន្ថែមដល់ប្រជាពលរដ្ឋខាងលើនេះ ឱ្យយកចិត្តទុកដាក់តាមដានពីសុខភាពរបស់ខ្លួន និងត្រូវប្រកាន់នូវអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសមិនត្រូវទាក់ទងដោយផ្ទាល់ជាមួយអ្នកណាម្នាក់ឡើយ។ លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋដដែលនោះថា ការអនុវត្តខ្ជាប់ខ្ជួនរបស់ពួកគេ គឺជាការចូលរួមដ៏សំខាន់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ជាមួយនឹងការចុះសួរសុខទុក្ខនេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បាននាំយកអំណោយមួយចំនួនចែកជូនដល់ពួកគាត់ផងដែរ ដោយម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល អង្ករ ២៥ គីឡូក្រាម កន្ទេល ១ ភួយ ១ មុង ១ មី ១ កេស ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា អំបិល សៀង ទឹកបរិសុទ្ធជាដើម។
ប្រជាពលរដ្ឋទាំង ៥ នាក់ខាងលើបានថ្លែងអំណរគុណដល់លោកអភិបាលស្រុក ហាក់ ម៉ុងហួត និងមន្ត្រីពាក់ព័ន្ធទាំងឡាយដែលតែងតែយកចិត្តទុកដាក់ចំពោះពួកគេ តាំងពីថ្ងៃមកដល់ស្រុកកំណើតភ្លាមៗ និងទំនុកបម្រុងគ្រប់បែបយ៉ាងក្នុងពេលធ្វើចត្តាឡីស័កនេះ៕