(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យបន្តការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១។
តាមរយៈ Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា៖
«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ជុំទី៤!
កាលពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្នុងអំឡុងពេលថ្លែងសារពិសេស ទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្រេចឲ្យបន្តការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចបន្តផ្តល់ការឧបត្ថម្ភពីព្រោះដោយមើលឃើញថា កម្មវិធីនេះ ពិតជាកំពុងបានចូលរួមចំណែកក្នុងលើកស្ទួយ និងរក្សាលំនឹងជីវភាព របស់បងប្អូនប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៍ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ។
ចាប់តាំងពីការចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភលើកដំបូងមក ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសម្តេចតេជោចង់ផ្តល់សាច់ប្រាក់នេះ ឲ្យដល់ដៃគ្រួសារក្រីក្រ និងមានការលំបាកពិតប្រាកដ។
ការងារបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុង លើអាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាជាថ្មីម្តងទៀត ដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារនេះ ឲ្យបានត្រឹមត្រូវច្បាស់លាស់ មានតម្លាភាព គណនេយ្យភាព និង ប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ហើយត្រូវចៀសវាងឲ្យខានតែបាននូវការយោគយល់ និងឃុបឃិតគ្នា ដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ត ឬ អ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ផ្ទុយពីនីតិវិធីនៃការកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។
ដើម្បីឲ្យការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះ កាន់តែធានាបាននូវប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងផែនការ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យតាមដានការអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍មកកាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាបន្ទាន់ ប្រសិនបើរកឃើញថា មានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។
សម្តេចតេជោ ហ៊ុន សែន នឹងចាត់វិធានការណ៍ក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថា មានបញ្ហាមិនប្រក្រតីកើតមាន ឡើងនៅក្នុង ភូមិ ឬ ឃុំ-សង្កាត់ ណាមួយ ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា»៕