(ភ្នំពេញ)៖ បើនិយាយពីជំងឺ COVID-19 ប្រជាពលរដ្ឋនៅទូទាំងពិភពលោកពិតជាបានស្គាល់ និងមានការខ្លាចរអា ដោយសារតែជំងឺនេះមានការរីករាលដាលយ៉ាងឆាប់រហ័ស ហើយបានធ្វើឲ្យមនុស្សរាប់សិបលាននាក់បានឆ្លង និងរាប់លាននាក់បានស្លាប់។ ដោយសារតែភាពកាចសាហាវនៃជំងឺនេះហើយ ទើបប្រជាពលរដ្ឋជាច្រើនបានអនុវត្តន៍នូវវិធានការការពារខ្លួន ដោយមិនចេញទៅក្រៅក្នុងករណីមិនចាំបាច់ ពាក់ម៉ាស់រាល់ពេលចេញក្រៅ កាត់បន្ថយការជួបជុំ លាងដៃជាមួយសាប៊ូ ឬអាកុល ឲ្យបានញឹកញ៉ាប់ និងជាពិសេស គឺការរក្សាគម្លាតសង្គម។
តែផ្ទុយពីប្រជាពលរដ្ឋទូទៅ ក្រុមគ្រូពេទ្យ ដែលជាក្រុមអ្នកសង្រ្គោះប្រជាជនឲ្យចាកផុតពីជំងឺ COVID-19 បែរជាត្រូវសម្រុកទៅជិតផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីធ្វើយ៉ាងណាព្យាបាលអ្នកជំងឺ COVID-19 ឲ្យបានទាន់ពេល និងជាសះស្បើយឡើងវិញ។ ដូច្នេះទើបគេបានផ្ដល់នូវរហស្សនាមជូនក្រុមគ្រូពេទ្យថា «កងទ័ពជួរមុខអាវស» ដែលធ្វើសង្រ្គាមជាមួយជំងឺដ៏កាចសាហាវ និងគ្មានរូបរាង ដើម្បីសង្រ្គោះប្រជាពលរដ្ឋ។
ដៃម្ខាងព្យាបាលអ្នកជំងឺ ដៃម្ខាងការពារខ្លួនពីជំងឺ ចំណែកឯដៃមួយទៀតទ្រទ្រង់ និងត្រូវបង្ហាញពីភាពរឹងមាំ ដើម្បីកាត់បន្ថយការព្រួយបារម្ភពីក្រុមគ្រួសារ។ នេះជាជីវិតរបស់ក្រុមគ្រូពេទ្យដែលត្រូវទទួលបន្ទុកព្យាបាល និងថែទាំអ្នកជំងឺ COVID-19។
កញ្ញា ឆន សុធារី ជាវេជ្ជបណ្ឌិតទទួលបន្ទុកផ្នែកជំងឺសួត និងផ្លូវដង្ហើមមួយរូប ត្រូវបានទទួលភារកិច្ចព្យាបាលជំងឺសម្រាប់អ្នកជំងឺ COVID-19 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ក្រុមគ្រួសាររបស់កញ្ញាមិនមាននរណាម្នាក់ធ្វើការក្នុងវិស័យសុខាភិបាលនេះឡើយ។ ហេតុនេះនៅពេលទទួលដំណឹងថា វេជ្ជបណ្ឌិតន័យក្មេងខាងលើ ត្រូវទទួលភារកិច្ចក្នុងការពិនិត្យព្យាបាលអ្នកជំងឺ COVID-19 នោះទឹកភ្នែករបស់ក្រុមគ្រួសារបានហូរចុះមក ហើយបានព្យាយាមហាមឃាត់វេជ្ជបណ្ឌិត សុធារី មិនឲ្យទទួលភារកិច្ចព្យាបាលអ្នកជំងឺឡើយ។
វេជ្ជបណ្ឌិត ឆន សុធារី បញ្ជាក់ដូច្នេះ «ជាក់ស្ដែងក្រុមគ្រួសារខ្ញុំដោយសារគាត់មិនមែនជាពេទ្យ ដូច្នេះហើយទើបធ្វើឲ្យគាត់មានការបារម្ភខ្លាំង។ ជាពិសេសគឺឪពុក ម្ដាយ របស់យើងផ្ទាល់តែម្ដងគឺបារម្ភខ្លាំង ហើយពេលខ្លះគាត់មានទាំងសោកសៅ បារម្ភ គេងមិនលក់ ហើយរហូតដល់ពេលខ្លះគាត់មានទឹកភ្នែកទៀតផង។ ប៉ុន្តែក្នុងនាមយើងជាគ្រូពេទ្យជាក់ស្ដែង គឺជាជំនាញយើងទៅទៀត អីចឹងខ្ញុំខ្លួនឯងបានព្យាយាមពន្យល់ ហេតុផលជាច្រើនទាក់ទង និងវេជ្ជសាស្រ្តដែលយើងជាជំនាញហ្នឹង ហើយយើងត្រូវតែមានតួនាទីចាំបាច់នៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺហ្នឹង ព្រោះវាជាជំនាញរបស់យើង។ អ៊ីចឹងក្រោយពីនាងខ្ញុំបានធ្វើការពន្យល់ណែនាំ ទៅក្រុមគ្រួសារខ្ញុំទាំងអស់ ពេលហ្នឹងគាត់ក៏ស្ងប់ចិត្ត ហើយគាត់ក៏យល់ព្រមអនុញ្ញាតឲ្យយើងបានមកបំពេញកាតព្វកិច្ចរបស់យើង»។
កុំថាឡើយក្រុមគ្រួសារវេជ្ជបណ្ឌិត ឆន សុធារី ដែលមិនមែនជាគ្រូពេទ្យមានការបារម្ភ សូម្បីតែក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត វណ្ណ មិច ប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាគ្រូពេទ្យដូចគ្នាស្រាប់ ក៏មានការព្រួយបារម្ភដែរ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត វណ្ណ មិច៖ «ជាទូទៅអារម្មណ៍របស់ទឹកចិត្តប្រពន្ធខ្ញុំ ឪពុកម្ដាយអីគាត់ភ័យដូចគេដូចឯងដែរ។ ប៉ុន្តែនិយាយដោយឡែកប្រពន្ធខ្ញុំគាត់ភ័យ ហើយផ្ទុយទៅវិញខ្ញុំអរគុណ ហើយសរសើរទឹកចិត្តគាត់ដែរ ដែលគាត់មិនដែលមកនិយាយបន្លាចខ្ញុំ មិនដែលមកបន្ទុចបង្អាក់ខ្ញុំទេ។ មានតែគាត់និយាយថា ធ្វើម៉េចបើយើងធ្វើការងារចំអ៊ីចឹង ត្រូវតែធ្វើទៅទៀតប៉ុន្តែត្រូវធ្វើយ៉ាងម៉េចឲ្យប្រយ័ត្នប្រយ៉ែង។ នេះជាស្មារតីមួយដាស់តឿនខ្ញុំ អ៊ីចឹងខ្ញុំមានការប្រយ័ត្នប្រយែងជាប់ជាប្រចាំ ដែលទឹកចិត្តនេះ តែងតែធ្វើឲ្យខ្ញុំមានការមោះមុត និងណែនាំដល់បុគ្គលិកក្រោមបង្គាប់ត្រូវធ្វើបែបណាដើម្បីប្រយុទ្ធប្រឆាំង យើងមើលគេផង យើងការពារខ្លួនឯងផងទើបជោគជ័យ»។
បន្ថែមពីការព្រួយបារម្ភពីក្រុមគ្រួសារ និងសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រូពេទ្យជួរមុខ ឬយើងអាចហៅថា ក្រុមកងទ័ពអាវស នៅមានបញ្ហាប្រឈមជាច្រើនទៀតដូចជា ត្រូវសិក្សាស្វែងរកវិធីសាស្រ្តព្យាបាលអ្នកជំងឺដោយខ្លួនឯង ដែលមិនធ្លាប់បានសិក្សានាពេលកន្លងមក ហើយទាមទារសាមគ្គីភាពខ្ពស់របស់ក្រុមវេជ្ជបណ្ឌិត។ ព្រមជាមួយបញ្ហាប្រឈមជាច្រើនទៀត ដែលប្រជាពលរដ្ឋទូទៅ មិនបានដឹងពីទុក្ខលំបាករបស់ក្រុមគ្រូពេទ្យ។ នេះជាការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយចំណុចទី៣ ដែលនាងខ្ញុំចង់និយាយពីការប្រឈមរបស់ក្រុមគ្រូពេទ្យដែរ គឺជាការសំខាន់ណាស់។ ប្រសិនជាគ្រូពេទ្យមិនមានសាមគ្គីគ្នាទេ គឺនឹងមានបញ្ហាទៅលើការចាត់ចែងពិនិត្យព្យាបាលរបស់ប្រជាពលរដ្ឋ។ នេះគឺជាផ្នែកមួយទៀត ដែលក្រុមគ្រូពេទ្យរបស់យើង លោករៀនសូត្របបន្ថែមទៀតថា តើត្រូវពង្រឹងរវាងចំណងសាមគ្គីភាពរវាងក្រុមគ្រូពេទ្យ និងក្រុមគ្រូពេទ្យ បែបណាដើម្បីឲ្យយុទ្ធនាការ កិច្ចការលះបង់របស់ខ្លួននេះ វាស្របជាមួយគ្នាហើយអាចសម្រេចបាននូវជោគជ័យ។ ចំណុចទី៤ អ្វីដែលពិបាក គឺការពាក់ខោអាវពេទ្យនេះ មិនមែនស្រួលទេ គ្រាន់តែពាក់ចំណាយពេលកន្លះម៉ោង អាចលើសហ្នឹងតិចតួចទៀតទម្រាំពាក់ត្រូវ ហើយបើយើងពាក់មិនត្រូវ ខោអាវនេះនឹងក្លាយជាអ្នកចម្លង COVID-19 មកគាត់ហើយ»។
លោកស្រីវេជ្ជបណ្ឌិតបន្ត «ចំណុចទី៥ គឺការរៀនសូត្រឲ្យបានត្រឹមត្រូវនូវវិធានព្យាបាល ព្រោះថាវត្ថុបំណងរបស់គ្រូពេទ្យ គឺថា ចង់ណាស់ ចង់ឲ្យអ្នកជំងឺឆាប់ជា។ មិនមានគ្រូពេទ្យណា ខ្ញុំហ៊ាននិយាយអ៊ីចឹង ព្រោះខ្ញុំក៏ជាគ្រូពេទ្យដែរ ព្រោះខ្ញុំក៏រៀនជាវេជ្ជបណ្ឌិតដែរ អ៊ីចឹងខ្ញុំដឹង ខ្ញុំក៏ធ្លាប់ស្បត់ដែរ មុនចេញធ្វើជាវេជ្ជបណ្ឌិតគេសុទ្ធតែឲ្យពាក្យសម្បថ អ៊ីចឹងខ្ញុំដឹងច្បាស់ណាស់ថា តើទឹកចិត្តរបស់យើងនេះ យ៉ាងណាចំពោះអ្នកជំងឺ»។
យ៉ាងណាមិញការព្រួយបារម្ភនេះ ត្រូវបានឆាកឆ្ងាយពីគ្រួសាររបស់ក្រុមគ្រូពេទ្យវិញ បន្ទាប់ពីប្រមុខរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាលផ្ទាល់ បានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងជាពិសេស គឺផ្ដល់ជូននូវសម្ភារ និងឧបករណ៍វេជ្ជសាស្រ្តល្អៗ និងមានគុណភាពសម្រាប់ក្រុមកងទ័ពអាវសជួរមុខ ប្រើប្រាស់គ្រប់គ្រាន់ ដោយមិនមានខ្វះខាតអ្វីឡើយ។ នេះបើតាមការបញ្ជាក់ពីលោកសាស្រ្តាចា្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវវៀត។
លោកសាស្រ្តាចា្យវេជ្ជបណ្ឌិត ងី ម៉េង បញ្ជាក់យ៉ាងដូច្នេះថា៖ «ទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀត តែងតែជួយទំនុកបម្រុងទាំងបរិក្ខា និងសម្ភារ និងការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យនៅជួរមុខ ប្រយុទ្ធប្រឆាំងជំងឺ COVID-19។ មួយទៀត គឺការសាមគ្គីភាពផ្ទៃក្នុងជាក្រុម ដែលពាក់ព័ន្ធទាំងអស់ ទាំងគ្រូពេទ្យ ទាំងបុគ្គលិកផ្នែកជំនាញសុខាភិបាល ទាំងខាងឡាបូរ ទាំងអ្នក Support ទាំងកម្មករផ្សេងៗទៀតទាំងអស់។ ចូលរួមជុំគ្នា ដើម្បីជួយររៀបចំ និង Support ដល់ការងារនិងព្យាបាលនេះ ទាំងកម្មករផ្សេងៗ គឺយើងធ្វើការជាក្រុម និងជាធ្លុងមួយ។ នេះហើយជាជោគជ័យរបស់យើងសំខាន់បំផុតមួយ»។
ដោយសារតែមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមជាមួយការផ្ដល់នូវសម្ភារវេជ្ជសាស្រ្តការពារខ្លួនសម្បូរបែប និងគ្រប់គ្រាន់ បានធ្វើឲ្យក្រុមគ្រូពេទ្យ និងក្រុមការងារទាំងមូល ដែលទទួលបន្ទុកព្យាបាលថែទាំអ្នកជំងឺ COVID-19 មានភាពសប្បាយរីករាយ និងការពារ ព្រមទាំងបាត់បង់ភាពភ័យខ្លាចនៃការឆ្លងថែមទៀតផង។ នេះជាការកន្ថែមរបស់វេជ្ជបណ្ឌិត ឆន សុធារី។
វេជ្ជបណ្ឌិត ឆន សុធារី បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «មកដល់ពេលបច្ចុប្បន្ននេះ ភាពភ័យខ្លាចរបស់យើង គឺមានការថយចុះច្រើន ដោយសារតែយើងកាន់តែយល់ច្បាស់ពីវា ដោយឡែកបុគ្គលិកយើងទាំងអស់ ព្រមជាមួយអ្នកចូលរួមទាំងអស់ គឺគាត់បានដឹងពីរបៀបការពារ របៀបនៃការថែទាំខ្លួនគាត់ ដើម្បីទប់ទល់ការឆ្លង។ ប្រព័ន្ធនៃការងារក៏គាត់បានយល់ច្បាស់ បានធ្វើឲ្យការងាររបស់យើងរលូត ហើយការភ័យខ្លាចក៏មិនមានទៀតដែរ។ ហើយសម្រាប់ការការពារ និងសម្ភារទៀតសោធ គឺយើងមិនដែលខ្វះទេ អ៊ីចឹងហើយទើបក្រុមការងាររបស់យើងមានភាពក្លាហាន ក្នុងការបំពេញការងារជាបន្តបន្ទាប់ទៀត»។
ជាការពិតណាស់ការរៀបចំប្រព័ន្ធក្នុងការព្យាបាលអ្នកជំងឺ COVID-19 បានធ្វើឡើងប្រកបដោយការយចិត្តទុក្ខដាក់។ បើនិយាយអំពីក្រុមការងារវិញសម្រាប់គ្រូពេទ្យ ដែលទទួលការព្យាបាលផ្ទាល់ជាមួយអ្នកជំងឺ COVID-19 ក្នុងម្នាក់ត្រូវព្យាបាលអ្នកជំងឺរយៈពេល ១៥ថ្ងៃ និងត្រូវតេស្តរកវីរុសនេះ មុនពេលចូលមកព្យាបាលផងដែរ ហើយបន្ទាប់ពីព្យាបាលអ្នកជំងឺអស់រយៈពេល១៥ថ្ងៃហើយ។ គ្រូពេទ្យត្រូវធ្វើចត្តាឡីស័កខ្លួន ១៤ថ្ងៃ និងតេស្តរកវីរុសCOVID-19 ជាថ្មីទៀត ទើបអាចត្រឡប់ទៅជួបក្រុមគ្រួសារវិញបាន។ នេះជាការបញ្ជាក់ពីលោក វេជ្ជបណ្ឌិត សួន សាមិត្ត ជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងជាក្រុមការងារគ្រប់គ្រង COVID-19។
លោកវេជ្ជបណ្ឌិត សួន សាមិត្ត បញ្ជាក់ថា៖ «ជាធម្មតាយើងនៅមន្ទីរពេទ្យយើងនេះ បានបែងចែកជាក្រុមគ្រូពេទ្យ ដោយគ្រូពេទ្យមួយក្រុមត្រូវព្យាបាលអ្នកជំងឺ ១៥ថ្ងៃ ហើយគាត់សម្រាកធ្វើចត្តាឡីស័កខ្លួនឯង ១៥ថ្ងៃ។ ដូច្នេះមានន័យថា គ្រូពេទ្យដែលគាត់ធ្វើការផ្ទាល់ គឺមានរយៈពេលមួយខែ។ អ៊ីចឹងពេលគាត់ចូលមើលជំងឺហ្នឹង មុនពេលគាត់ចប់យើងបានធ្វើតេស្តជំងឺជូនគាត់ ព្រោះពួកគាត់ដែលជាអ្នកព្យាបាលអ្នកជំងឺ គឺជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺតែម្ដង។ អ៊ីចឹងយើងធ្វើតេស្តជូនគាត់ម្ដង បន្ទាប់ពីធ្វើតេស្តម្ដងហើយ ទើបយើងយកគាត់ទៅចត្តាឡីស័ក ខ្លួនគាត់រយៈពេល ១៥ថ្ងៃ។ បន្ទាប់មកយើងធ្វើតេស្តលើកទី២ ជូនគាត់ទៀត ហើយនៅពេលតេស្តលើកទី២ឃើញថា គាត់អវិជ្ជមាន COVID-19 ទើបអនុញ្ញាតឲ្យគាត់ចេញទៅធ្វើការនៅតាមផ្នែកផ្សេងៗ និងកន្លែងបំពេញការងារ និងក្រុមគ្រួសារគាត់បាន»។
ដោយត្រូវចំណាយពេលវេលាយូរ និងប្រឈមគ្រោះថ្នាក់ពីការឆ្លងជំងឺ COVID-19 ខ្ពស់ ព្រមជាមួយការលះបង់របស់ក្រុមគ្រួសារគ្រូពេទ្យព្យាបាលអ្នកជំងឺ ក្រៅពីការយកចិត្តទុក្ខដាក់ខ្ពស់លើសុវត្ថិភាពគ្រូពេទ្យ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ព្រមជាមួយក្រុមគ្រួសារគ្រូពេទ្យផ្ទាល់ ដែលមានការលះបង់ខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺ។
លោកស្រីបានឲ្យដឹងថា ប្រសិនជាមិនមានការលើកទឹកចិត្ត និងផ្ដល់ឱកាសពីក្រុមគ្រួសារគ្រូពេទ្យផ្ទាល់នោះទេ ក្រុមគ្រូពេទ្យក៏មិនអាចក្លាហានប្រឈមនឹងការព្យាបាលអ្នកជំងឺនោះដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា៖ «ក្រុមគ្រូពេទ្យរបស់យើងលោកបានដោះស្រាយ និងចាត់ចែងការងារនេះ បានយ៉ាងល្អប្រសើរ។ ជាពិសេសទៀត គឺមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមគ្រួសាររបស់គាត់។ អ៊ីចឹងនេះ ក្នុងនាមថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងអនេកប្បការ ជូនចំពោះក្រុមគ្រួសារគ្រូពេទ្យទាំងអស់។ លោកបានលះបង់ ប្ដីខ្លួនក្ដី ប្រពន្ធខ្លួនក្ដី ឬកូន ឬក្មួយខ្លួនក្ដី ដើម្បីឲ្យគាត់ឃ្លាតមួយរយៈ ដើម្បីឲ្យគាត់ទៅបម្រើសេវាជូនដល់អ្នកជំងឺ COVID-19។ ខ្ញុំសូមអរគុណជាអនេកប្បការ ចំពោះក្រុមគ្រូពេទ្យទាំងអស់ គាត់បានឆ្លងកាត់នូវផល់លំបាកនេះទាំងអស់គ្នា»។
អស់រយៈពេលជាងមួយឆ្នាំហើយ ដែលរដ្ឋាភិបាល និងក្រុមគ្រូពេទ្យបានរួមដៃគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ តែជោគជ័យក្នុងរយៈពេលជាងមួយឆ្នាំនេះ មិនអាចកើតមានបានទេ ល្គឹកណាមិនមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសដោយផ្ទាល់។ កាន់តែរំភើបជាងនេះទៅទៀត បើទោះបីជាកម្ពុជាជាប្រទេសតូច និងជាប្រទេស កំពុងអភិវឌ្ឍន៍ក៏ពិតមែន តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសទិញវ៉ាក់សាំងប្រឆាំង COVID-19 មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណ ៨០ភាគរយនៃប្រជាជនទូទាំងប្រទេស។
ក្រោយការប្រកាសទិញវ៉ាក់សាំងប្រឆាំង COVID-19 ប្រជាជនកម្ពុជា ក៏មិនបង្អង់យូរដែរបានចូលរួមបរិច្ចាគថវិកា ទិញវ៉ាក់សាំងដោយមិនមានការស្នើសុំពីរដ្ឋាភិបាលឡើយ។ ការចូលរួមយ៉ាងផុសផុលនេះ បានធ្វើឲ្យប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រូពេទ្យព្យាបាលជំងឺ COVID-19 មានការរំភើបចិត្តឥតឧបមា ហើយបានផ្ញើសារថ្លែងអំណរគុណដល់ពលរដ្ឋកម្ពុជា ដែលមានឆន្ទៈខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលពីជំងឺ COVID-19។
ក្នុងនាមជាវេជ្ជបណ្ឌិត កញ្ញា ឆន សុធារី ដែលទទួលបន្ទុកផ្នែកជំងឺសួត និងផ្លូវដង្ហើម និងត្រូវបានទទួលភារកិច្ចព្យាបាលជំងឺសម្រាប់អ្នកជំងឺ COVID-19 នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋពលរដ្ឋបន្តអនុវត្តន៍តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បើទោះជានៅពេលបច្ចុប្បន្នកម្ពុជាគ្រោងទិញវាក់សាំងCOVID-19ក្ដី។ បន្ថែមពីនេះវេជ្ជបណ្ឌិតវ័យក្មេងខាងលើ ក៏បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រូពេទ្យផងដែរ។
វេជ្ជបណ្ឌិត ឆន សុធារី ថ្លែងមកកាន់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ៖ «ជាចុងក្រោយនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់ Fresh News ដែលបានសម្ភាសខាងនាងខ្ញុំ ហើយក៏សូមមានពាក្យពេចន៍ខ្លះជូនទៅដល់ប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា សូមនៅតែបន្តការការពារខ្លួន បើទោះជាបច្ចុប្បន្នយើងទទួលបានដំណឹងថាមានវ៉ាក់សាំងក្នុងការការពារជំងឺ COVID-19 ក្ដី។ ប៉ុន្តែយើងមិនភ្លេចឡើយក្នុងការការពារខ្លួនដដែល ដោយយើងពាក់ម៉ាស់ និងព្យាយាមកាត់បន្ថយការជួបជុំគ្នា និងរក្សាអនាម័យដៃ ដោយការលាងដៃនិងសាប៊ូរជាដើម»។
វេជ្ជបណ្ឌិត ឆន សុធារី បន្តថា «នាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យខ្មែរ-សូវៀត ដែលកន្លងមកតាំងពីដើមរហូតដល់ចប់ គឺតែងតែផ្ដល់នូវការឧបត្ថមទាំងកម្លាំងកាយ កម្លាំងចិត្ត សម្ភារៈ និងថវិកា មកដល់ពេលបច្ចុប្បន្ននេះ ហើយទាំងអស់នេះហើយ ដែលជាកម្លាំងចិត្តដ៏ខ្លាំងខ្លាបំផុត សម្រាប់ឲ្យ Team ការងារ Frontline របស់យើង ខិតខំតស៊ូ ជម្រះរាល់ឧបស័គ្គរហូតមកដល់ពេលបច្ចុប្បន្ននេះ»៕