(បន្ទាយមានជ័យ)៖ ក្រុមទមិឡឥតសាសនាបានចូលគាស់កុដិលោកសង្ឃលួចលុយបានជាង ១២.០០០.០០០ រៀល និងបា្រក់ថៃ១ម៉ឺន រួចគេចខ្លួនបាត់ នៅវត្តមុន្នីហែមវ័ន្តប៉ោយចារ ភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១៖៤០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ព្រះចៅអធិការ ព្រះនាម អ៊ុល ឈី ព្រះជន្ម៧០ព្រះវស្សា គង់នៅវត្តមុន្នីហែមវ័ន្តប៉ោយចារ មានសង្ឃដីកាថា នៅមុនកើតហេតុព្រះអង្គបាននិមន្តទៅសាលាឆាន់ ដែលនៅខាងជើងកុដិព្រះអង្គគង់នៅ ប្រហែល១០០ម៉ែត្រ ដោយមុនពេលនិមន្តចេញទៅឆាន់ចង្ហាន់ព្រះអង្គ បានបិទទ្វារចាក់សោនិងបិទបង្អួច ពេលឆាន់ចង្ហាន់រួច ព្រះអង្គនិមន្តមកដល់កុដិវិញស្រាប់តែឃើញស្នាមឆ្កឹះសោទ្វារកុដិពេលចូលដល់ក្នុងកុដិឃើញធុងមានទំហំ ៤តឹកX ២តឹក ធ្វើអំពីស័ង្កសី ដែលព្រះអង្គទុកនៅក្រោមគ្រែសឹង្ហរបស់ព្រះអង្គ មានស្នាមវះដោយកាំបិតយកលុយខ្មែរអស់ក្នុងកេសដែកនោះចំនួន ៩.០០០.០០០រៀល លុយខ្មែរទុកលើគ្រែចំនួន ៣.៥០០.០០០រៀល ប្រាក់ថៃចំនួន១០.០០០បាទ ទូរស័ព្ទដៃ១គ្រឿង។
ព្រះអង្គបានបញ្ជាក់ថា មុនពេលព្រះអង្គនិមន្តចេញពីកុដិទៅសាលាឆាន់ បានឃើញមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណស្លៀកពាក់ស្អាតបាតអង្គុយលើម៉ូតូនៅខាងលិចកុដិប្រហែល២៥ម៉ែត្រ តែព្រះអង្គមិនបានចាប់អារម្មណ៍ នៅពេលត្រឡប់មកកុដិវិញ ក៏ឃើញទ្វារកុដិរបើកសោរ។
នគរបាលបានបញ្ជាក់ថា ទាក់ទិនករណីចោរកម្មនេះ កម្លាំងនគរបាលកំពុងដុតដៃដុតជើង ស្វែងរកមុខសញ្ញាចោរលួចយកទៅផ្តន្ទាទោសតាមច្បាប់នៅពេលខាងមុខនេះឲ្យទាល់តែបាន៕