(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យផ្លូវអ៊ុតកៅស៊ូប្រភេទ AC មួយខ្សែ លើកំណត់ផ្លូវកម្ពុជាក្រោម ដែលមានប្រវែង ៨៤០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាប់ពីរង្វង់មូល1-79 រហូតដល់ផ្សារបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលគម្រោងខាងលើជិតសម្រេចលទ្ធផល១០០ភាគរយហើយ។
គួរបញ្ជាក់ថា នៅក្នុងដំណើរចុះពិនិត្យការរដ្ឋានខាងលើ អភិបាលខេត្តក៏បានជួបចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវនេះប្រកបដោយភាពស្និតស្នាល ហើយលោក ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋយើងមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ដោយប្រការណាមួយ ខណៈគម្រោងខាងលើ កំពុងអនុវត្តមិនទាន់រួចរាល់នៅឡើយនេះ។
សូមរំលឹកថា ផ្លូវដែលត្រូវស្ថាបនាឡើងវិញមានចំនួន ៣ខ្សែ ជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២០ ក្នុងនោះរួមមាន៖
*ខ្សែទី១ (ផ្លូវលេខ៧ ចាស់) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម
*ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិទីបឹងស្នាយសង្កាត់សំបួរមាសដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ក្រុងកំពង់ចាម
*ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង៧៧១ ម៉ែត្រ ទទឹង៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦សង្កាត់វាលវង់ ក្រុងកំពង់ចាម៕