(ភ្នំពេពញ)៖ លោកច្រឹក សុខនីម ទទួលបានការគាំទ្រ និងជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បន្តដឹកនាំសមាគមសម្រាប់អាណត្តិទី៧ សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។
ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមសម្រាប់អាណត្តិថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីអាណតិ្តទី៦ (ឆ្នាំ២០១៩-២០២០) ដែលដឹកនាំដោយលោក ច្រឹក សុខនីម នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២០នេះ ។
ក្នុងអាណត្តិទី៧នេះ មានបេក្ខភាពចំនួនពីររូប ដែលបានឈរឈ្មោះជាប្រធានសមាគមរួមមាន លោក ច្រឹក សុខនីម នាយ កប្រតិបត្តិក្រុមហ៊ុន Mekong Brokerage Co.,Ltd និងលោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុន Town City Real Estate Co., Ltd។
សមាជិកសមាគមចំនួន៩៦ ក្រុមហ៊ុនបានចូលរួមបោះឆ្នោត ក្នុងចំណោមសមាជិកដែលមានសិទ្ធិបោះឆ្នោតសរុបពីតំណាង ១០២ ក្រុមហ៊ុន។ លោក ច្រឹក សុខនីម ទទួលបានសម្លេងឆ្នោតគាំទ្រ ៤៩សម្លេង ចំណែកឯលោក វ៉ន ចាន់ថន ទទួលបាន ៤៧សម្លេង។
លោក ច្រឹក សុខនីម បានថ្លែងថា «សម្រាប់អាណត្តិថ្មីនេះ យើងនឹងផ្តោតលើការលើកកម្ពស់ការអប់រំ សមត្ថភាព គុណភាព និងកម្រិតជីវភាពរបស់សមាជិក ឲ្យរឹតតែប្រសើរឡើង និងជាពិសេសជំរុញការធ្វើការងាររួមគ្នា ដើម្បីដឹកនាំ CVEA ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ»។
សូមជម្រាបថា អាណត្តិ ទី ១ និង ទី ២ សមាគមនេះត្រូវបានដឹកនំាដោយលោក ស៊ឹង ប៉ុណ្ណា អគ្គនាយក ក្រុមហ៊ុនប៉ុណ្ណា រៀលធីគ្រុប ហើយលោកឧកញ៉ា ចេង ខេង អគ្គនាយក ក្រុមហ៊ុន កម្ពុជា ស៊ីភីអិល បានជាប់ជាប្រធានក្នុងអាណត្តិទី ៣។ កាលពីអាណត្តិទី៤ និងទី៥ ត្រូវបានដឹក នាំដោយលោកបណ្ឌិត គីម ហ៊ាង និង អាណតិ្តទី៦ ដឹកនាំដោយលោក ច្រឹក សុខនីម ៕