(ភ្នំពញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាននាំយកថវិកាប្រគល់ជូនលោក សេង ទៀង សរុបចំនួន៤១៦,៧៥១,២០០រៀល និង៩៧,០២៥ដុល្លារអាមេរិក ដែលថ្នាក់ដឹកនាំ ទីប្រឹក្សា ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីរាជការ និងមន្រ្តីតុលាការ ដែលបម្រើការងារក្នុងវិស័យយុត្តិធម៌ចំនួន២,១៦៩នាក់ បានបរិច្ចាគដោយស្ម័គ្រចិត្ត តាមរយៈក្រសួងយុត្តិធម៌ ចូលរួមក្នុង «ខឿនការពារសុខភាពរបស់ប្រជាជន» ដើម្បីរាជរដ្ឋាភិបាលទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕