(ភ្នំពេញ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងខេត្តកំពត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីមូលហេតុចម្បងៗមួយចំនួន ដែលធ្វើឲ្យស៊ុទានៅក្នុងស្រុកមានការធ្លាក់ថ្លៃ និងអះអាងថា ការធ្លាក់ចុះនៃតម្លៃស៊ុតទានេះ គឺពុំមានការនាំចូលពីប្រទេសជិតខាងឡើយ ជាពិសេសប្រទេសវៀតណាម។
ការបញ្ជាក់អំពីមូលហេតុនៃការធ្លាក់ថ្លៃនៃស៊ុតទានេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋ ប្រតិកម្មអំពីការធ្លាក់ថ្លៃនៃស៊ុតទា ដែលមានតម្លៃត្រឹម៣០០រៀលក្នុងមួយគ្រាប់ និងក្រោម៣០០រៀលក្នុងមួយគ្រាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងតាកែវ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានបង្ហាញថា កត្តាដែលនាំឲ្យស៊ុតទាធ្លាក់ថ្លៃដោយសារតែមូលហេតុ៖
១៖ រដូវនេះសម្បូរត្រីធម្មជាតិ។
២៖ ការផលិតពងទាកូន និងពងទាប្រៃមានការថយចុះ ដោយតម្រូវការរបស់អតិថិជនថយចុះ។
៣៖ តម្រូវការទៅរាជធានីភ្នំពេញ និងបណ្ដាលខេត្តផ្សេងៗថយចុះ។
៤៖ តម្រូវការផ្គត់ផ្គង់តាមភោគជនីយ៍ដ្ឋានថយចុះ ព្រោះពុំសូវមានអតិថិជន។
៥៖ តាមស្ថានភាពអាកាសធាតុនៅកម្ពុជានារដូវរំហើយ សម្បូរទៅដោយចំណីអាហារ តាមវាលស្រែ និងកន្លែងស្ងួតដែលធ្វើឲ្យសត្វទា ផលិតស៊ុតបានច្រើនជាងរដូវនានា។
៦៖ អគ្គនាយកដ្ឋាសនសុខភាពសត្វ និងផលិតកម្មសត្វក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលអនុញ្ញាតជាគោការណ៍ ឲ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ចូលមកទីផ្សារកម្ពុជាឡើយ។
៧៖ ក្នុងករណីអាជីវករ អ្នកចិញ្ចឹមសត្វ ពិសេសចិញ្ចឹមមាន់-ទាយកស៊ុត បានដឹងព័ត៌មានពីការលួចនាំចូលស៊ុតទា-មាន់ពីប្រទេសជិតខាង សូមទំនាក់ទំនងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត តាមរយៈទូរស័ព្ទលេខ ០១៧ ៨០៣ ០០៧, ០១៧ ៨៤២ ៤០៣ និង០១២ ៦០៣ ៣០៣ ដើម្បីមន្ទីរចុះអន្ដរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វស្របតាមច្បាប់ស្ដីពី សុខភាពសត្វ និងផលិតកម្មសត្វ។
ទន្ទឹមនេះ ស្ថានភាពនៃការចិញ្ចឹមទា នៅខេត្តតាកែវ នាពេលបច្ចុប្បន្ន មានប្រមាណ១,១២៨,៥៤៤ក្បាល ក្នុងនោះចិញ្ចឹមយកស៊ុតមានប្រមាណ៨០ភាគរយ និងផលិតស៊ុតបានប្រមាណ៧០០,០០០គ្រាប់ ក្នុងមួយថ្ងៃ ហើយផ្គត់ផ្គង់ឡភ្ញាស់ក្នុងខេត្តចំនួន៧៦កន្លែ និងប្រើប្រាស់ក្នុងខេត្ត ក្រៅពីនេះផ្គត់ផ្គង់ទៅតាមរាជធានីភ្នំពេញ និងតាមខេត្ត។
ដោយឡែកសម្រាប់តម្លៃស៊ុតទាមាន២ប្រភេទ ក្នុងនោះស៊ុតមានឈ្មោលតម្លៃ២៥០រៀល-៣០០រៀលក្នុងមួយគ្រាប់ និងស៊ុតគ្មានឈ្មោលតម្លៃ២៥០រៀល-២៨០រៀលក្នុងមួយគ្រាប់ ដែលមានតម្លៃប្រហាក់ប្រហែលនឹងស៊ុតទា នៅក្នុងប្រទេសវៀតណាមដែរ៕