(ប៉ៃលិន)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ដែលដឹកនាំដោយ លោក រ៉ូ ហ៊ុនជុន តំណាង KOICA ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានជួបពិភក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ដើម្បីធ្វើការសិក្សាពីគម្រោងកែរប្រែតំបន់សង្រ្គាមឲ្យប្រែក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍ។
លោក រ៉ូ ហ៊ុនជុន បានឲ្យដឹងថា គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើតមាគ៌ាសម្រាប់ការអភិវឌ្ឍយ៉ាងជឿនលឿន នៅតាមមូលដ្ឋាន ដែលត្រូវបានគេចាត់ទុកថាមិនមានមីន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារងាយរងគ្រោះបំផុត។
លោកបានបន្តថា ទីតាំងរបស់គម្រោងនេះ គឺស្ថិតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ មានខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ហើយក្រុមការងាររួមរបស់ KOICA និងចុះទៅពិនិត្យទីតាំងគម្រោងសំខាន់ៗដែលស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើការត្រួតពិនិត្យស្ថានភាពនៃការអនុវត្ត និងផែនការសកម្មភាពរកឃើញនូវគន្លឹះសំខាន់ៗ របស់ក្រុមការងារការិយាល័យ KOICA ប្រចាំនៅកម្ពុជា នឹងរាយការណ៍ជូនទៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីធ្វើការជ្រើសរើសគម្រោងអាទិភាពមួយដូចជា៖ វិស័យអប់រំ កសិកម្ម អភិវឌ្ឍជនបទ និងសុខាភិបាល សម្រាប់អនុវត្តន៍នៅឆ្នាំ២០២១។ ប្រសិនបើគម្រោងនេះជាប់ ក្នុងការជ្រើសរើស គម្រោងនឹងត្រូវអនុវត្តន៍នៅក្នុងប្រទេសកម្ពុជារយៈពេល ៦០ខែ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលមានថវិកាសរុបប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក។
លោក ហែម ឬទ្ធី ក្នុងនាមលោកស្រីបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រ ព្រមទាំងជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាង និងអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលនេះគឺជាការពង្រឹងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
លោកអភិបាលរងខេត្ត បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះនឹងជួយរកទីផ្សារឱ្យកសិករ ជាកន្លែងផ្តល់ព័ត៌មានទាក់ទងអំពីរទីផ្សារ តម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញត្រូវការ និងជាកន្លែងណាត់ជួបរវាងអ្នកបរិភោគ ឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់ ជាពិសេសវានឹងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។
សូមបញ្ជាក់ថា ខេត្តប៉ៃលិន មានផ្ទៃដីសរុប ១០៦២គីឡូម៉ែតការេ ហើយគិតមកដល់ពេលនេះ មានប្រជាជនចំនួន ៦៧៥៧៣នាក់ ក្នុងនោះស្រីចំនួន ៣៥០៤៦នាក់។ វិស័យដែលមានសក្តានុពលបំផុតរបស់ខេត្ត គឺវិស័យកសិកម្ម និងទេសចរណ៍៕