(ភ្នំពេញ)៖ សមាជិក សមាជិកា និងក្រុមជំនួយការ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល (យ.គ.ក.) រួមជាមួយក្រុមការងារយុវជន នៅតាមបណ្ដាទ្វីប និងប្រទេស និងប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បានស្មគ្រ័ចិត្តបរិច្ចាគថវិកា ចំនួន៩៤,៣៧៨,៤៥៦រៀល និង៥១៧,៦៥៦.១០ដុល្លាសហរដ្ឋអាមេរិក តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕