(ភ្នំពេញ)៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ សហការជាមួយ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ប្រើពេល២៤ម៉ោងស្រាវជ្រាវតាមឃាត់ខ្លួន បាននៅវេលាម៉ោង០៣រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវវត្តចាស់ ក្រុម២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បន្ទាប់ពីបុរសសង្ស័យរូបនេះ បានធ្វើសកម្មភាពល្បួងក្មេងស្រី ដើររើសអេតចាយ បង្ខំរំលោភរហូតបានសម្រេច។
លោក ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនត្រូវជាប់សង្ស័យរំលោភបង្ខំ លើអនីតិជនឈ្មោះមាន សុផល អាយុ៣៣ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៧៧D ផ្លូវវត្តចាស់ ក្រុម២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះស្រី នី អាយុ១៣ឆ្នាំ មានមុខរបរជាអ្នករើសអេតចាយ ព្រមទាំងជាក្មេងកំព្រា គ្មានឪពុកម្ដាយ ស្នាក់នៅជាមួយម្ដាយមីង បណ្ដោះអាសន្នលើទូកច្រាំងទន្លេសាប ស្ថិតក្នុង ក្រុម៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកអធិការរងខណ្ឌជ្រោយចង្វារ បានបន្តថា បើយោងតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយមីង និងការរៀបរាប់ឲ្យដឹងពីរក្មេងស្រីរងគ្រោះ ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យខាងលើ មុនកើតហេតុ នៅល្ងាចថ្ងៃទី ១៥ កុម្ភៈ ក្មេងស្រីរងគ្រោះបានដើររើសអេតចាយ នៅម្ដុំសួនច្បារអូតែលសុខា ក៏ត្រូវបុរសមានមុខរបររត់ម៉ូតូឌុបពេលយប់ ប្រទះឃើញដោយកាមតណ្ហាពុះកញ្ជ្រោល បានលួងលោមក្មេងស្រីបបួលទៅកន្លែងស្ងាត់ ក្នុងតូបមួយកន្លែងស្ថិតក្នុងភូមិដើមស្រល់ ដោយបង្ខំរំលោភក្មេងស្រីទាល់តែបានសម្រេច តែជាអកុសលបុរសសង្ស័យត្រូវបានម្ដាយមីង របស់ក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។
ជនត្រូវជាប់សង្ស័យបច្ចុប្បន្នបាននិងកំពុងឃុំខ្លួន សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការកសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការក្រុងភ្នំពេញវិនិច្ឆ័យតាមផ្លូវច្បាប់៕