(ភ្នំពេញ)៖ ព្រោះតែការតស៊ូក្តីលើប្រព័ន្ធច្បាប់នៅចំពោះមុខក្រុមប្រឹក្សាធម្មនុញ្ញ មិនទទួលបានជោគជ័យកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនោះ ធ្វើឱ្យតំណាងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បោះបង់ចោលការតស៊ូរបស់ខ្លួ ន ហើយមិនចូលរួមសវនាការជាសាធារណៈរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៣ ខែធ្នូ នេះឡើយ។
ការបោះបង់សវនាការរបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្វើឱ្យក្រុមប្រឹក្សាធម្មនុញ្ញច្រានចោល និងបិទផ្លូវតវ៉ាលើបណ្តឹងចំនួន ២៣ទៀត របស់តំណាងគណបក្សមួយនេះ។
សវនាការជំនុំជម្រះលើបណ្តឹងរបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅព្រឹកថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាពលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងសមាជិក សមាជិកាដទៃទៀត។ សវនាការក៏មានការអញ្ជើញចូលរួមពីតំណាងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាអាជ្ញាធរមានសមត្ថកិច្ចលើការរៀបចំចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតផងដែរ។
តែសវនាការនាព្រឹកមិញនេះ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលជាអ្នកប្តឹងនោះ មិនបានចូលរួមក្នុងសវនាការឡើយ។ អវត្តមានរបស់អ្នកប្តឹង បានធ្វើឱ្យក្រុមប្រឹក្សាធម្មនុញ្ញអនុវត្តន៍ទៅតាមច្បាប់ស្តីពីការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយច្រានចោលបណ្តឹងទាំងនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា «ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចចោលបណ្តឹងទាំង២៣នេះ ដោយហេតុថា អ្នកប្តឹងបានបោះបង់បណ្តឹងរបស់ខ្លួន ដោយមិនចូលរួមសវនាការ ហើយសេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច»។
សូមរំលឹកថា កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០២០។ ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតបានធ្វើឡើងពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា។
គ.ជ.ប បានឱ្យដឹងថា ដំណើរចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតរយៈពេល១៩ថ្ងៃនេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ២៦៨,៥៥៣នាក់ ស្មើនឹង ៨៩.៤០ភាគរយ បើធៀបទៅនឹងផែនការអ្នកចុះឈ្មោះបោះឆ្នោតថ្មី ក្នុងចំនួនប្រមាណ ៣០០,៣៩០នាក់។
ជាមួយគ្នានេះ គ.ជ.ប បានសម្រេចលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតចំនួន ១៥២,០០៤នាក់ កែតម្រូវទិន្នន័យចំនួន ៩២,៨២២នាក់ និងអ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី ចំនួន ៨៨,៨៤៦នាក់។
ពាក់ព័ន្ធដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ មានពាក្យបណ្តឹងជាច្រើនបានធ្វើឡើងផងដែរ។ ក្នុងនោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងច្រើនជាងគេ។ តំណាងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងផ្តល់ច្រើនទៅលើដំណើរការចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់នានា ដោយអះអាងថាមានភាពមិនប្រក្រតីនៃការចុះឈ្មោះ ដូចជាអ្នកមិនមានអាស័យក្នុងឃុំសង្កាត់ដែលចុះឈ្មោះ តែបានចុះឈ្មោះជាដើម។
បណ្តឹងរបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទាំងអស់ ត្រូវបាន គ.ជ.ប ច្រានចោល និងមិនអនុវត្តន៍តាមការទាមទារនោះឡើយ។
ដោយមិនសុខចិត្តលើសេចក្តីសម្រេចរបស់ គ.ជ.ប តំណាងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបន្តប្តឹងជំទាស់ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញបន្ថែមទៀត។
លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បណ្តឹងដែលក្រុមប្រឹក្សាធម្មនុញ្ញទទួលបានពីតំណាងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានចំនួនប្រមាណ ៩៥បណ្តឹង។ ក្នុងនោះ កាលពីថ្ងៃទី២១ ខែធ្នូ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការជំនុំជម្រះដោះស្រាយចំនួន ២៨បណ្តឹង, ថ្ងៃទី២៣ ខែធ្នូ ដោះស្រាយ២៣បណ្តឹង ហើយនៅថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះ គ្រោងដោះស្រាយចំនួន ៤៤បណ្តឹងថែមទៀត។
សវនាការកាលពីថ្ងៃទី២១ ខែធ្នូ មានការចូលរួមពីតំណាងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នៅក្នុងសវនាការនាពេលនោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញជំទាស់ការទាមទាររបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហើយតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការ និងបិទផ្លូវតវ៉ា។
ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២១ ខែធ្នូ បានធ្វើឱ្យតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនពេញចិត្ត និងមានប្រតិកម្មច្រើនលើសេចក្តីសម្រេចនេះ ហើយក៏ជាហេតុនាំឱ្យពួកគេមិនចូលរួមក្នុងសវនាការនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះផងដែរ។
ពាក់ព័ន្ធការប្រតិកម្មរបស់តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ លោក ព្រហ្ម វិចិត្រអក្ខរា បានគូសបញ្ជាក់ថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺប្រព្រឹត្តទៅស្របតាមច្បាប់។
លោក ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងទៀតថា ក្រុមប្រឹក្សាធម្មនុញ្ញធ្វើការដោយគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តនានា ដែលមានជាធរមានផងដែរ។ លោកថ្លែងថា ចំពោះការចោទប្រកាន់របស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចដែលគ្មានយុត្តិធម៌ និងតម្លាភាព គឺជាអំពើល្មើសនឹងច្បាប់៕