(តាកែវ)៖ មន្រ្តីនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តតាកែវចំនួន៤រូប ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានធ្វើសកម្មភាពភ្ជង់ប្លន់យកលុយអស់ចំនួន ៧ពាន់ដុល្លាអាមេរិក។
តែចំពោះករណីនេះលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវ បានទទួលស្គាល់ថាពិតជាមានករណីនេះកើតឡើងពិតប្រាកដមែន ពេលចុះទៅបង្រ្កាបគ្រឿងញៀនដោយជនសង្ស័យត្រូវបានតាមដានជាយូណាស់មកហើយ។ លោកស្នងការបានថ្លែងថា «រឿងនេះជាករណីចុះបង្រ្កាបគ្រឿងញៀន ក៏ប៉ុន្តែមន្រ្តីយើងមិនចុះទៅចាប់គ្រឿងញៀនបែរជាទៅចាប់ជំរិតគេយកលុយទៅវិញ»។
បើតាមលោកស្នងការខេត្តតាកែវ រឿងនេះលោកកំពុងតែបង្កើតក្រុមការងារឱ្យគេស្រាវជ្រាវ ហើយបើរកឃើញកំហុសប៉ុនណាលោក នឹងដាក់វិន័យកងកំលាំងដូចជាបន្ថយស័ក្តិជាដើម ហើយបើរកឃើញកំហុសធ្ងន់ធ្ងរ និងសុំគោលការណ៍ទៅលើដើម្បីឲ្យថ្នាក់លើជាអ្នកសំរេចតែម្ដង។
លោក ធូ ប៊ុនធឿន អាយុ៣២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ បានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ មានក្រុមមន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលស្លៀកពាក់ឯកសណ្ឋានស៊ីវិលចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធាក់ទ្វារចូលផ្ទះរបស់គាត់ ដោយធ្វើសកម្មភាពភ្ជង់គាត់ ហើយបានចូលរើកកាយយកលុយគាត់អស់ជាង ៥,០០០ដុល្លារ និងបានវាយខ្នោះគាត់បញ្ជូនទៅកាន់ស្នងការនគបាលខេត្តភ្លាមៗតែម្ដង។
ជនរងគ្រោះបានថ្លែងបន្តថា ក្រោយពីបញ្ជូនគាត់មកដល់ស្នងការខេត្តរួចហើយ ក្រុមមន្រ្តីនគរបាលទាំងអស់នោះ បានឲ្យក្រុមគ្រួសារគាត់យកលុយមកឲ្យគេចំនួន ២០០០ដុល្លារបន្ថែមទៀត ជាថ្នូនឹងការដោះលែងឲ្យមានសេរីភាពវិញ ហើយពួកគេក៏បានសម្លុតគាត់មិនឲ្យបែកព័ត៌មាននេះចេញទៅក្រៅថែមមទៀតផង។
បើយោងតាមសំដីជនរងគ្រោះ បានបញ្ជាក់ថា ក្រុមមន្រ្តីនគរបាលទាំង៤នាក់ខាងលើនោះ គាត់ស្គាល់ឈ្មោះចំនួន ២នាក់ប៉ុណ្ណោះ ចំណែក២នាក់ទៀតមិនស្គាល់ទេ ដោយមន្រ្តី២រូប ដែលលោកស្គាល់នោះ ទី១៖ ឈ្មោះ ឃុត ជីង នាយរងការិយាល័យគ្រឿងញៀន និងទី២៖ ឈ្មោះ ណៅ សុខសាតភក្ដី ហៅតឺម នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នៅពេលសួរនាំជុំវិញករណីខាងលើនេះ លោក ណៅ សុខសាតភក្ដី នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវបានថ្លែងប្រាប់យ៉ាងខ្លីថា «លោកមិនបានដឹងពីករណីខាងលើនេះទេ»៕