(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា បើគិតចាប់ពីការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខែមិថុនាមកទល់នឹងដំណាច់ខែវិច្ឆិកា (ខែទី៦) ឆ្នាំ២០២០ មានគ្រួសារសរុបចំនួន ៧០៤,១៣៥ នៅទូទាំងប្រទេស បានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ដែលមានថវិកាសរុបចំនួន ៧១២,១២៩,០៥៣,២០០រៀល ស្មើនឹងប្រមាណ១៧៥លានដុល្លារអាមេរិក។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំការតាមដាន និងប្រតិតុល្យការការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះរៀបំឡើងក្រោមការដឹកនាំរបស់លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាចំពោះកិច្ច រៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឹកូវីដ-១៩។
កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការតាមដាន និងប្រតិតុល្យការការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ដាក់ឱ្យអនុវត្តចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។
ការងារធ្វើការតាមដាន និងប្រតិតុល្យការនេះធ្វើឡើង ក្នុងគោលបំណងធានាឱ្យបានថា ប្រជាជនក្រីក្រ និងងាយរងគ្រោះទទួលបានការឧបត្ថម្ភសាច់ប្រាក់ពី រាជរដ្ឋាភិបាលត្រឹមត្រូវ និងការអនុវត្តយន្តការនៃកម្មវិធីមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយបានប្រើប្រាស់វិធីសាស្រ្តចំនួន២រួមគ្នា ដោយផ្តោតលើទាំងទិដ្ឋភាពបរិមាណ និងទិដ្ឋភាពគុណភាព ហើយផ្តោតលើកិច្ចសម្ភាសន៍សំខាន់ៗចំនួន៣គឺ៖ កិច្ចសម្ភាសគ្រួសារក្រីក្រ និងជនងាយរងគ្រោះតាមរយៈទូរស័ព្ទ, ការចុះសម្ភាសផ្ទាល់ដល់មូលដ្ឋានជាមួយមន្រ្តី និងមេភូមិ-ឃុំមូលដ្ឋាន និងគ្រួសារក្រីក្រ និងកិច្ចសម្ភាសជាមួយអាជីវករ និងភ្នាក់ងារវីង។
លោក វង្សី វិស្សុត បានឲ្យដឹងថា «របាយការណ៍តាមដានការអនុវត្តកម្មវិធីខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយតម្រង់ផ្លូវក្នុងការកែសម្រួលឡើងវិញ នូវប្រព័ន្ធរបស់យើងទាំងក្នុងកម្រិតនៃ ការរៀបចំគោលនយោបាយ និងទាំងក្នុងកម្រិតនៃការរៀបចំផែនការ និងយន្តការសម្រាប់អនុវត្ត ពិសេសដើម្បីកែលម្អនូវចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើឱ្យប្រព័ន្ធរបស់យើង កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៅក្នុងការអនុវត្តកម្មវិធីគាំពារសង្គម របស់រាជរដ្ឋាភិបាលទាំងមូល ទាំងសម្រាប់កម្មវិធីដែលត្រូវបន្តអនុវត្តរាល់ឆ្នាំ និងទាំងកម្មវិធីដែលត្រូវអនុវត្ត តែពេលមានគ្រោះអាសន្ន (Emergency) ឬវិបត្តិ (Crisis) ផ្សេងៗ ដូចពេលមានផ្ទុះជំងឺកូវីដ-១៩ នាពេលនេះដើម»។
លោក វង្សី វិស្សុត ក៏បានធ្វើការណែនាំ ដល់ក្រុមការងាររៀបចំរបាយការណ៍នេះឱ្យបន្តសិក្សា និងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដោយផ្តោតបន្ថែមលើបញ្ហាគន្លឹះៗមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ និងកែលម្អរាល់ចំណុចខ្វះចន្លោះទាំងឡាយ ដូចជាបញ្ហាពាក់ព័ន្ធ នឹងការកំណត់អត្តសញ្ញាណអ្នកទទួលផលជាដើម ដែលអាចនឹងឃ្លាតចេញពី គោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។
លោកបានបន្ដទៀតថា លទ្ធផលនៃការសិក្សានេះ ក៏ត្រូវរកឱ្យឃើញអំពីជម្រើស និងអនុសាសន៍នានា ទាំងខាងទិដ្ឋភាពគោលនយោបាយ និងយន្តការក្នុងការអនុវត្តកម្មវិធី ជាក់ស្តែងផងដែរ។ ពិសេសអំពីផលប៉ះពាល់របស់កម្មវិធី មកលើសេដ្ឋកិច្ច និងសង្គម ព្រមទាំងជីវភាព និងរបៀបរបបនៃការរស់នៅជាប្រចាំ របស់ប្រជាជនដែលជាអ្នកទទួលផលផងដែរ។
សូមបញ្ជាក់ថា លទ្ធផលនៃការសិក្សានេះបង្ហាញថា ៩៩.១% នៃគ្រួសារក្រីក្រដែលទទួលបាន សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ពីព្រោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានអនុវត្តចំពេលកំពុងជួបការលំបាកផ្នែកជីវភាព ហើយគ្រួសារទទួលផលក៏បង្ហាញ ការពេញចិត្តលើនីតិវិធីនៃការផ្ទៀងផ្ទាត់ និងដកសាច់ប្រាក់ផងដែរ។
ដោយឡែកពាក់ព័ន្ធនឹងដំណើរការ នៃការអនុវត្តកម្មវិធីវិញ លទ្ធផលបានបង្ហាញថា ភាគច្រើននៃមន្រ្តី និងមេភូមិ-ឃុំ បានទទួលដំណឹង និងទទួលការណែនាំអំពីដំណើរការ នៃការអនុវត្តកម្មវិធីដូចជា៖ លក្ខខន្តិកៈនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ, ការប្រើប្រាស់កុំព្យូទ័រ, ការដោះស្រាយបញ្ហាបន្ទាន់ៗ និងការយល់ដឹងពីលក្ខខន្តិកៈអ្នកទទួលផល ទោះបីជាការយល់ដឹងរបស់មន្រ្តីឃុំ មានកម្រិតផ្សេងៗគ្នា ពិសេសនៅតាមជនបទដាច់ស្រយ៉ាល៕